ព័ត៌មានជាតិ

CMAC កម្ពុជា បានទទួលម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មី ៣០គ្រឿង គិតជាថវិកា ១លាន ៣សែនដុល្លារ ពីរដ្ឋាភិបាលជប៉ុន

ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មីប្រភេទ ALIS ចំនួន ៣០គ្រឿង គិតជាថវិកាជាង ១លាន៣សែនដុល្លារអាមេរិក ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានឱ្យដឹងថា «នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC ភ្នំពេញ បានទទួលម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មីប្រភេទAdvanced Land­mine Ima­ging Sys­tem (ALIS) mine detect­ors ចំនួន ៣០គ្រឿង ដែលគិតជាថវិកាមានចំនួនប្រមាណជាង ១លាន៣សែនដុល្លារអាមេរិក ជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពអង្គភាព CMAC បានអនុម័តតាំងពីដើមឆ្នាំ២០២៥ និងបានដណើរការដេញថ្លៃទិញដែលសម្ភារបច្ចេកទេសខ្លះត្រូវចំណាយពេលវេលាប្រមាណពី១-២ឆ្នាំទើបអាចទទួលបាន»។

សូមបញ្ជាក់ថា ម៉ាស៊ីនរាវមីនប្រភេទ ALIS នេះត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមបញ្ចូលគ្នារវាងប្រពន្ធ័ស្រូបសារធាតុដែក និងប្រពន្ធ័រ៉ាដាកំណត់ចំណុចរូបភាព (a metal detector and Ground Penetrating Radar, GPR) ដោយសហការរវាងអង្គភាព CMAC និងសកលវិទ្យាល័យ TOHOKU ជប៉ុនដឹកនាំដោយ លោកសាស្ត្រាចារ្យ Prof. Motoyuki Sato ដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៥-០៦ ពោលមានរយៈពេលជាង ២០ឆ្នាំ ទើបសម្រាចបានជោគជ័យដ៍ថ្លៃថ្លាមួយនេះ។

ម៉ាស៊ីនរាវមីននេះ ប្រៀបដូចឧបករណ៍ស្គែនមើលរូបភាពក្រោមដី ដែលមានប្រយោជន៍បង្កើនសុវត្ថិភាពនិងល្បឿននៃការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមកាន់តែមានប្រសិទ្ធភាពថែមទៀត៕

To Top