ព័ត៌មានជាតិ

រដ្ឋមន្ត្រី សុខ សូកេន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអប់រំនយោបាយ ស្ដីពីការពង្រឹងសមត្ថភាពមន្រ្តីគណបក្ស

ស្វាយរៀង៖ លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអប់រំនយោបាយ ស្ដីពីការពង្រឹងសមត្ថភាពមន្រ្តីគណបក្ស និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមាជិកគណបក្សស្រុករមាសហែក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៦ ក្រុមការងារគាំទ្រទាំង៩ ព្រមទាំងគណៈកម្មាធិការគណបក្សស្រុករមាសហែក នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជន បណ្តុះបណ្តាល និងស្ថិតិ ក្រុមលេខាធិការដ្ឋាន ព្រមទាំងគ្រូឧទ្ទេស និងមន្រ្តីទាំងអស់ ដែលបានខិតខំសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃពេញនេះឱ្យទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ថ្លែងទៅកាន់អង្គពិធី លោកប្រធានក្រុមការងារ បានរំលឹកពីគុណបំណាច់ជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះជាតិនិងកសាងសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈនយោបាយឈ្នះ-ឈ្នះ និងគោលនយោបាយនានា។

ដោយបន្តស្មារតីនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃអណត្តិមុនៗ ឈានមកដល់នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍសង្គមជាតិ ទោះបីជាត្រូវប្រឈមនឹងបញ្ហាសកលលោកដ៏ស្មុគស្មាញ និងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាងក៏ដោយ។

ចំពោះទិសដៅការងារគណបក្សបន្ត លោកប្រធានក្រុមការងារ បានដាក់ចេញនូវចំណុចគន្លឹះសំខាន់ៗមួយចំនួន ដើម្បីពង្រឹងការងារគណបក្សឱ្យកាន់តែរឹងមាំ រួមមាន៖ ការរក្សាសាមគ្គីភាពផ្ទៃក្នុង តាមទិសស្លោក «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» ដោយឈរលើមូលដ្ឋានលក្ខន្តិកៈបក្ស ការលើកកម្ពស់សមត្ថភាពដឹកនាំ និងការប្រកាន់ខ្ជាប់ជំហរ «ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ»។

លោកប្រធានក្រុមការងារ ក៏បានជំរុញឱ្យបន្តបណ្តុះបណ្តាលមន្ត្រីបក្សឱ្យមានភាពស្អាតស្អំ ពង្រឹងអង្គការចាត់តាំងយុវជន និងមហាជន ខិតខំពង្រីកសមាជិកថ្មី និងរក្សាចលនានៅមូលដ្ឋានឱ្យជាប់ជាប្រចាំ លើសពីនេះ ត្រូវក្តាប់ជាប់នូវយុទ្ធសាស្ត្រ «ផ្អែកលើអំពើល្អរបស់មន្ត្រី និងគុណភាពសមាជិក ដើម្បីឈ្នះឆ្នោត» ក្នុងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៨ ខាងមុខ។

ជាទីបញ្ចប់ លោកប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ឱ្យមន្ត្រីបក្សគ្រប់រូបត្រូវយល់ដឹងពីភារកិច្ចខ្លួន រក្សាការសម្ងាត់បក្ស និងកសាងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងក្នុងនាមជាអ្នកបន្តវេន ត្រូវថែរក្សាសមិទ្ធផលវិជ្ជមានរបស់រៀមច្បង ព្រមទាំងពង្រឹងលក្ខណៈសម្បត្តិទាំងសមត្ថភាព និងសីលធម៌។ លោកប្រធានក្រុមការងារ ក៏បានជម្រុញឱ្យមន្ត្រីបក្សទាំងអស់ត្រូវចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនា និងជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ៕

To Top