បេសកកម្មការទូត ជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល ឆ្លុះបញ្ចាំងពីការពង្រឹង មិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តបេសកកម្មការទូត ឥតឈប់ឈរបានឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងស្វះស្វែង «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» ទាំងនៅតំបន់និងនៅលើឆាកអន្តរជាតិ ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១២ ខែមីនា លោកប៉ែន បូណា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តបេសកកម្មការទូត សកម្មរបស់ខ្លួនឥតឈប់ឈរ ដែលឆ្លុះបញ្ចាំង អំពីកិច្ចខិតខំប្រឹងប្រែងស្វះស្វែង «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» នៅលើឆាកតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទ នៃការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ។
លោកបន្តថា ជាក់ស្តែងកាលពីចុងខែកុម្ភៈកន្លងទៅ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរ ផ្នែកសិទ្ធិមនុស្សដោយសារជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ ជាពិសេសវត្តមាន កម្លាំងយោធាថៃ កាន់កាប់ភូមិស្រុកកម្ពុជា ដែលនៅតែជាឧបសគ្គចម្បង ដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងរបស់គេវិញ ។ ចំណែកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមប្រាក់ សុខុន ក៏បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ។ ក្នុងដំណើរទៅសិង្ហបុរីរដ្ឋមន្រ្តីការបរទេសខ្មែរ ក៏បានជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីយ៉ាងស៊ីជម្រៅអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាពិសេសស្ថានភាពជនភៀសសឹក ដែលមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។
លោកបញ្ជាក់ថា “វត្តមានជាបន្តបន្ទាប់នៃមន្ត្រីជាន់ខ្ពស់កម្ពុជានៅក្រៅប្រទេស បន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប កាលពីចុងខែកុម្ភៈ បានឆ្លុះបញ្ចាំងពីការទូតសកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តក្រោម នយោបាយ «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមិនភ្លេច អាទិភាពខ្ពស់បំផុតរបស់ខ្លួនគឺ «ការការពារបូរណភាពទឹកដីនិងប្រជាជន» ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ” ៕
