ព័ត៌មានជាតិ

រដ្ឋមន្ត្រីធម្មការ ណែនាំឱ្យសាងសង់សំណង់ បម្រើដល់វិស័យព្រះពុទ្ធសាសនា ត្រូវគោរពតាមក្បួនខ្នាត ចៀសវាងគ្មានមូលដ្ឋានរចនាបទខ្មែរ

ភ្នំពេញ៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំ ចំពោះការកសាងសង់សំណង់ ដែលបម្រើដល់វិស័យ ព្រះពុទ្ធសាសនា ត្រូវគោរពតាមក្បួនខ្នាតឱ្យបានត្រឹមត្រូវ ចៀសវាងការស្ថាបនាឡើង ដោយពុំមានមូលដ្ឋានរចនាបទខ្មែរ ។

ការណែនាំរបស់លោកបណ្ឌិត ចាយ បូរិន ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួង ស្ថាប័ន ពាក់ព័ន្ធ ចុះត្រួតពិនិត្យសមិទ្ធផលផ្សេងៗ មានកុដិ សាលា ព្រះវិហារ ព្រះពុទ្ធបដិមា ស្ពាន របង ផ្លូវថ្នល់ ដែលកំពុងកសាងយ៉ាងច្រើន នៅវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ។

នាឱកាសនោះ ព្រះធម្មវនវាសី ចន្ទ មុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត មានសង្ឃដិកា អំពីសំណង់ដែលបានសាងសង់ សម្រេច១០០%ជាច្រើន ដែលសរុបថវិកាចំណាយ ចំនួន ៣,១៧៧,៥៣៣ដុល្លារ។

ក្នុងនោះ លោករដ្ឋមន្ត្រី បានធ្វើការណែនាំ ចំពោះការកសាងសង់សំណង់ ដែលបម្រើដល់វិស័យព្រះពុទ្ធសាសនា ត្រូវគោរពតាមក្បួនខ្នាតបានត្រឹមត្រូវ ចៀសវាងការស្ថាបនាឡើងដោយពុំមានមូលដ្ឋាន រចនាបទខ្មែរត្រឹមត្រូវ ជាហេតុនាំឱ្យកើតមានភាពអាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់និងគ្មានរបៀបរៀបរយ។ សំណង់វត្តអារាម ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័សពាសពេញផ្ទៃប្រទេស សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជា និងសម្តេចធិបតី តែងយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំ ដល់ក្រសួងធម្មការ និងសាសនា ការពារ អភិរក្ស និងផ្តល់អាទិភាពចំបង ដល់វិស័យព្រះពុទ្ធជាសាសនា ដែលជាសាសនារបស់រដ្ឋ ។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា យើងទាំងអស់គ្នា មានកំណើតកើត និងបានរស់នៅលើផែនដី ពោរពេញទៅដោយកេរមរតក ពីដូនតាបន្សល់ទុកឱ្យយើងនេះ ជាប្រយោជន៍ដ៏សំខាន់ សំរាប់ជនជាតិខ្មែរគ្រប់រូប ដែលមានភ័ព្វវាសនា និងទទួលយកសមិទ្ធិផលទាំងអស់នេះ។ ហេតុដូច្នេះវត្តអារាម ត្រូវតែបន្តទំនៀមទំលាប់ផងទាំងពួង ដែលបុព្វបុរសយើងបានបន្សល់ទុក កុំឱ្យសាបសូន្យ អស់ពីទឹកដីភូមិចាស់របស់យើង ព្រោះថា ដូនតាលោកធ្វើឬសាងសំណង់ឡើង គឺមានក្បួនខ្នាតត្រឹមត្រូវ សំណង់សំរាប់បម្រើឱ្យការរស់នៅរបស់មនុស្ស និងសំណង់សម្រាប់គោរពបូជាដល់សាសនា ។

នៅក្នុងឱកាសនេះ លោករដ្ឋមន្ត្រី និងសម្តេចព្រះរាជតំណាង និងប្រតិភូក្រសួង បាននិមន្តនិងអញ្ជើញពិនិត្យដោយផ្ទាល់ ពីវឌ្ឍនភាព នៃការសាងសង់សំណង់សំខាន់ៗ ដែលកំពុងកសាងក្នុងវត្តរួមមាន៖ ១.សាលប្រជុំនិងសារមន្ទីរ ២.ហាកុដិ ៣.អគារព្រះអង្គខ្មៅជិនរង្សី ៤.អគារសុគន្ធារី សភាសាលា(សាលពិធី) ៥.ព្រះវិហាររតនមហាមង្គល ៦.អគារសាលាវិប្បសនា ៧.ក្លោងទ្វា ៨.អគារសហទេវាសភាសាលា(សាលាឆាន់)ផងដែរ៕

To Top