លោក សុខ វឿន ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញវត្ថុកម្ពុជា សម្រាប់អាណត្តិ ឆ្នាំ២០២៦-២០២៧
ភ្នំពេញ ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានក្រុម ប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ខណៈលោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា មីក្រូហិរញ្ញវត្ថុ ត្រូវបានបោះឆ្នោតជ្រើសរើសជា អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម សម្រាប់អាណត្តិឆ្នាំ២០២៦-២០២៧។

តួនាទីថ្នាក់ដឹកនាំនេះ ត្រូវបានបោះឆ្នោតជ្រើសតាំង ដោយក្រុមប្រឹក្សាភិបាលរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាប់ឆ្នោតថ្មីក្នុងមហាសន្និបាត ប្រចាំឆ្នាំ២០២៦ របស់សមាគមនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិកសមាជិកាមកពីជាង ១០០ គ្រឹះស្ថាន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។

ក្នុងពេលនេះដែរ ក្រៅពីប្រធាន និង អនុប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានជាសមាជិក របស់សមាគមបានបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាភិបាលចំនួន ១១រូបផ្សេងទៀត ដែល មកពីគ្រឹះស្ថានផ្សេងៗក្នុងវិស័យហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតថ្មី នឹងដឹកនាំ ទិសដៅយុទ្ធសាស្ត្រ របស់សមាគម និងបន្តពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន និងបរិយាបន្នហិរញ្ញវត្ថុ នៅទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតថ្មីនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការដឹកនាំបេសកកម្មរបស់សមាគម ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ដោយធានាឱ្យបាននូវលទ្ធភាពទទួលបានសេវា ហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ និងទុកចិត្តបានសម្រាប់បុគ្គល គ្រួសារ និងអាជីវកម្មខ្នាតតូចនៅ ទូទាំងប្រទេស៕

