ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ៖ ចាប់តាំង​ពីផ្ទុះសង្រ្គាម​កន្លងមកនេះ កម្ពុជាមិនដែល​បញ្ជូន​ពលករខ្មែរ​ទៅ​ធ្វើ​ការងារនៅថៃនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈលោក ស៊ុន មេសា បានលើក​ឡើង​នៅ​ថ្ងៃ​ទី១២ ខែមីនានេះថា កម្ពុជាមិនដែល​បញ្ជូនពលករខ្មែរ​ទៅ​ធ្វើ​ការងារនៅ​ប្រទេសថៃ​នោះទេ ចាប់តាំងពីផ្ទុះ​សង្រ្គាម​កន្លង​មកនេះ ខណៈដែលក្នុងស្រុក​កំពុងមាន​តម្រូវ​ការ​កម្លាំងពលកម្មខ្ពស់។

លោក ស៊ុន មេសា បានថ្លែងថា ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេ ដោយ​បច្ចុប្បន្ន​នេះកម្លាំងពលកម្ម​នៅក្នុង​ប្រទេស​ក៏កំពុង​មាន​តម្រូវ​ការ​ខ្ពស់​ដែរ។ ដូច្នេះកម្ពុជាគ្មាន​ហេតុផល​អ្វីដែល​បញ្ជូន​កម្លាំងពលកម្មរបស់ខ្លួនទៅឱ្យប្រទេសថៃនោះទេ។

លោកបន្តថា នៅក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម កសិ-ឧស្សា​ហកម្ម សេវា​កម្ម ទេស​ចរណ៍ និងវិស័យ​ផ្សេងៗ​ទៀត កំពុងត្រូវការម្លាំងពលកម្មយ៉ាងច្រើន ដើម្បី​ជួយ​គាំទ្រឱ្យសង្វាក់ផលិតកម្មនៅក្នុងក្រុមហ៊ុន រោងចក្រ សហ​គ្រាស​ទាំងនោះ​ដំណើរការល្អ។ តម្រូវការកម្លាំង​ពល​កម្ម​ពីសំណាក់​រោងចក្រ/សហគ្រាស​នាពេល​នេះ គឺស្រប​ពេល​ដែល​កម្ពុជាកំពុង​ទទួលបាន​នូវកម្លាំង​ពល​កម្ម​ជំនាញ​ជា​ច្រើន ដែលទើបត្រឡប់​មកពីធ្វើ​ការក្នុង​ប្រទេ​ស​ថៃ។

លោកបញ្ជាក់ថា៖«ចាប់តាំងពីមានសង្គ្រាមតាមព្រំដែនមក គឺយើងមិន​ដែលបញ្ជូនកម្លាំង​ពលកម្មយើង​ទៅកាន់​ប្រ​ទេស​ថៃទេ ហើយយើងក៏​អត់ទាន់មាន​គោលការ​ណ៍ថ្មីក្នុង​ការបញ្ជូនកម្លាំងពលកម្មយើងធ្វើការងារនៅប្រទេសថៃដែរ។ ក្នុងនាមក្រសួងការងារ ខ្ញុំនៅតែ​អំពាវនាវ​ឱ្យបង​ប្អូន​ពល​ករ​ខ្មែរនៅថៃ សូមអញ្ជើញត្រឡប់​មកធ្វើការ​ងារ​នៅ​ក្នុង​ប្រទេស​យើ​ង​វិញ ដែលអាចទទួល​បានអត្ថ​ប្រយោជន៍​ច្រើន​ជាងធ្វើការនៅ​ប្រទេសថៃ»។

បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងការងារបានខិតខំធ្វើ​ការកែ​ទម្រង់​ស៊ីជម្រៅលើ​ផ្នែកអប់រំ​បណ្តុះ​បណ្តាល​បច្ចេ​ក​ទេស និងវិជ្ជាជីវៈ ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន បង្កើន​កម្លាំង​ពលកម្ម ឬធនធានមនុស្ស​ប្រកប​ដោយ​ចំ​ណេះ​ដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីល​ធម៌​វិជ្ជា​ជីវៈ និងមាន​លក្ខណៈ​ប្រកួតប្រជែង​សម្រាប់​ការងារ​ពេញ​មួយ​ជីវិត ដើម្បីចូលរួមការ​គាំទ្រក្នុង​ការអ​ភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​ឱ្យឆ្លើយតប​ទៅនឹងតម្រូវ​ការទី​ផ្សារ​ការ​ងារ​ក្នុង​ស្រុក​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​៕

To Top