ក្រសួងការងារ បើកកិច្ចប្រជុំ ពិគ្រោះយោបល់ ជាមួយដៃគូសង្គម អំពីការពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល
ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយសមាជិក គណៈកម្មការប្រឹក្សាការងារ តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត (សហជីព) និងតំណាងអង្គការ វិជ្ជាជីវៈរបស់និយោជក (សមាគមនិយោជក) ដើម្បីពិនិត្យលើការរៀបចំ កែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការធានានូវប្រសិទ្ធភាព របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួម ស្របតាមច្បាប់ស្តីពីការងារ។

ជាលទ្ធផល តំណាងសហជីព និង សមាគមនិយោជក បានឯកភាពលើខ្លឹមសារ នៃសេចក្តីព្រាងប្រកាសពាក់ព័ន្ធ នឹងការដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សា អាជ្ញាកណ្តាល នឹងប្តេជ្ញាចូលរួមប្រើប្រាស់ យន្តការដោះស្រាយវិវាទ ការងារក្រៅប្រព័ន្ធតុលាការ ដូចមានចែង ក្នុងច្បាប់ស្តីពីការងារ សំដៅធានានូវសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៕








