ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ត្រូវរួមគ្នា កសាងប្រព័ន្ធថែទាំសុខភាព ទំនើបមួយ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកឡើងថា ត្រូវរួមគ្នាកសាង ប្រព័ន្ធថែទាំសុខភាព ទំនើបមួយដោយមានការគាំទ្រពីបច្ចេកវិទ្យាឌីជីថល នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីការពារ និងបម្រើសុខភាព ជូនប្រជាជនកម្ពុជា ឲ្យបានកាន់តែប្រសើរឡើង។
នេះជាការលើកឡើង របស់រដ្ឋមន្រ្តី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មាន មូលដ្ឋានសុខាភិបាល (HFMIS) កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ រវាងក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា គូសរំលេចថា សុខាភិបាលឌីជីថល គឺជាយុគសម័យថ្មីមួយ ដែលការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងប្រព័ន្ធសុខាភិបាល បានជំរុញឱ្យមានការផ្លាស់ប្តូរអំពីរបៀប ឬអភិក្រមនៃការគ្រប់គ្រង និងការបម្រើសេវាថែទាំសុខភាព ហើយដែលកំពុងផ្លាស់ប្តូរមុខមាត់ ឧស្សាហកម្មថែទាំសុខភាព នៅទូទាំងពិភពលោក និងនៅកម្ពុជាផងដែរ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ទស្សនទានមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ឱ្យការសម្រប និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសមានគតិភាព និងមានចីរភាព នៅក្នុងប្រព័ន្ធសុខាភិបាល។ អន្តរកម្មដែលមានភាពស៊ីចង្វាក់គ្នា រវាងបច្ចេកវិទ្យា មនុស្ស និងប្រព័ន្ធ គឺជាស្នូលនៃបរិវត្តកម្មសុខាភិបាលឌីជីថល។

ជាមួយគ្នានេះ សាស្ត្រាចារ្យឈាង រ៉ាបន្ថែមថា សុខាភិបាលឌីជីថលមិនត្រឹមតែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងស្របតាមក្រមសីលធម៌ របស់មន្ត្រីសុខាភិបាលគ្រប់រូបស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីកែលម្អលទ្ធផលសុខភាពប្រជាពលរដ្ឋ ពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល និងលើកស្ទួយសមធម៌ សំដៅពន្លឿនវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅ នៃការគ្របដណ្តប់សុខភាពជាសកលកម្ពុជា នៅឆ្នាំ២០៣៥។ ការពង្រឹងការគ្រប់គ្រងប្រព័ន្ធព័ត៌មានសុខាភិបាល ត្រូវឈរលើមូលដ្ឋាន នៃសហការពហុជំនាញ និងពហុវិស័យ និងឈរលើចក្ខុវិស័យរួម ដើម្បីសម្រេចបានការ កសាងសមត្ថភាពសុខាភិបាលឌីជីថល នៅក្នុងរយៈពេលវែង។

បើតាមរដ្ឋមន្រ្តី ការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិ សម្រាប់អភិបាលកិច្ចសុខាភិបាលឌីជីថល គឺជាវិមាត្រមួយដ៏សំខាន់ នៃសុខាភិបាលឌីជីថល ហើយក៏ជាជំហានថ្មីមួយទៀត នៃកិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតួអង្គដទៃទៀត៕

To Top