ព័ត៌មានជាតិ

លោក កែវ រ៉េមីប្រាប់UN​ ថា គោលជំហរថ្នាក់ដឹកនាំកម្ពុជា គឺដោះស្រាយព្រំដែន ដោយសន្តិវិធី

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានប្រាប់ទៅមន្រ្តីជាន់ខ្ពស់UNថា គោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់យកការដោះស្រាយជម្លោះព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ។

ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) ចូលសម្តែងការគួរសម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកកែវ រ៉េមី គូសបញ្ជាក់ពីស្ថានភាព ជាក់ស្តែងតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិធ្វើឱ្យមានការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា , ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ , ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ បង្កការប៉ះពាល់ផ្លូវចិត្តដល់ប្រជាជន ។

លោកបន្តថា យោធាថៃ បានបើកការវាយប្រហារ ដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និងT-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារ , ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា ពីសំណាក់កងទ័ពថៃ ។ ក្នុងនោះយោធាថៃ បានការព្យាយាមបង្កើតតថភាពថ្មី នៅនឹងកន្លែងតាមរយៈការដាក់ពង្រាយ លួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាន ធ្វើឱ្យពលរដ្ឋប្រមាណ ៤០ ០០០នាក់ មិនអាចត្រឡប់ទៅលំនៅឋាន របស់ពួកគេវិញបានដោយសុវត្ថិភាព ។

ជាមួយនឹងការលើកឡើង ពីការរំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជានេះ ទេសរដ្ឋមន្ត្រីបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបន្តគាំទ្រ និងសហប្រតិបត្តិការយ៉ាងពេញលេញ ជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពសណ្តាប់ធ្នាប់ ពិភពលោកកំពុងធ្លាក់ចុះ ព្រមទាំងនៅតែបន្តប្រកាន់យកជំហរ នៃការអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការច្បាប់ ដែលមានដើម្បីការពារសិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋរងផលប៉ះពាល់។

ជាកិច្ចឆ្លើយតប អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសម្តែងការព្រួយបារម្ភ ចំពោះស្ថានភាពជម្លោះដែលបានកើតឡើង នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ បង្កផលប៉ះពាល់ដល់ពលករទេសន្តប្រវេសន៍ និងពលរដ្ឋនៅតាមព្រំដែន។ លោកជំទាវគូសបញ្ជាក់ថា ជម្លោះតែងតែបង្ក ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាជន និងការអភិវឌ្ឍសង្គម ៕

To Top