រដ្ឋមន្រ្តីពាណិជ្ជកម្មនិងរ៉ែ ឯកភាពគ្នាតាមដាន ការចែកចាយ និងថ្លៃលក់ប្រេង
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពល បានឯកភាពគ្នានៅថ្ងៃទី១៣ មីនានេះ ក្នុងការដាក់វិធានការតាមដាន និងឆ្លើយតបបន្ថែមនៅកម្រិតមូលដ្ឋាន ចំពោះការចែកចាយនិងថ្លៃលក់ប្រេង និងឧស្ម័នឥន្ធនៈ។
ការអះអាងបែបនេះ របស់លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើឡើងនៅតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនលោកដែលបានដាក់អមនូវរូបភាពមួយសន្លឹកជាមួយលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។
បើតាមមើលរូបភាពមួយសន្លឹកនេះ គឺរដ្ឋមន្រ្តីទាំងពីររូប បានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១៣ មីនា ក្រោមវត្តមាន សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា ។
បន្ទាប់ពីចាប់ផ្តើមមានសង្គ្រាម នៅមជ្ឈិមបូព៌ា បានធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេងនៅទូទាំងសកលលោក ។ ក្នុងនោះក៏មានកម្ពុជាផងដែរ ។ បើតាមការប្រកាស របស់លោកស្រីរដ្ឋមន្រ្តីពាណិជកម្ម គឺថា តម្លៃប្រេងនឹងចុះថ្លៃបន្តិច នៅរាត្រីជិតទៀបភ្លឺនាថ្ងៃទី១២ មីនា ។
ជាមួយនឹងការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ាជាង១០ថ្ងៃមកនេះ ក៏បានធ្វើឱ្យម្ចាស់នីយប្រេងឥន្ទនៈ នៅកម្ពុជាត្រូវបង្ខំចិត្តផ្អាកដំណើរ ការជាបណ្តោះអាសន្នក្រោមហេតុផលអស់ប្រេងពីស្តុក ខណៈគិតមកដល់ថ្ងៃ១២ មីនា មានស្ថានីយប្រេងជិត២ពាន់កន្លែងហើយ ត្រូវបានផ្អាកដំណើរការនៅទូទាំងប្រទេស ៕
