ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋភៀសសឹក នៅស្រុកឆែប

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ គីម រិទ្ធី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋ ដែលបានភៀសសឹក និងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតនៅឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ អាជ្ញាធរខេត្តបាននាំយកអំណោយចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅបណ្តោះអាសន្ន ដោយសារស្ថានភាពសន្តិសុខនៅតំបន់ព្រំដែន។ អំណោយទាំងនោះរួមមានស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់គ្រួសារ។

លោកអភិបាលខេត្តបានថ្លែងលើកទឹកចិត្ត និងបញ្ជាក់ថា អាជ្ញាធរខេត្ត និងកងកម្លាំងពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលបានភៀសខ្លួនមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព។

អាជ្ញាធរបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋមានការអត់ធ្មត់ និងជឿជាក់លើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រផ្នែកមនុស្សធម៌ និងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់។

សូមបញ្ជាក់ថា មណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានរៀបចំឡើងសម្រាប់ទទួលប្រជាពលរដ្ឋដែលបានភៀសចេញពីតំបន់ប្រឈមហានិភ័យ ដើម្បីធានាសុវត្ថិភាព និងផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់៕

ដោយ៖ សួន ពិសិត| ដើមអម្ពិល

To Top