ព័ត៌មានជាតិ

កម្ពុជា តវ៉ាជំទាស់យ៉ាងខ្លាំង នឹងសកម្មភាពខុសច្បាប់ របស់កងកម្លាំងប្រដាប់អាវុធថៃ

ភ្នំពេញ ៖ កម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំង នឹងសកម្មភាពខុសច្បាប់ថ្មីៗជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់ អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងមួយចំនួនតាម បណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី១៣ មីនា នេះ ថា នៅចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃ បានធ្វើការ សាងសង់ និងជីកកកាយខុសច្បាប់ នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះ ទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះ បានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅ ក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។

កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃ ក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារ សាងសង់នេះ ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។

រហូតដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុង តំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបសំណាកព្រះពុទ្ធ ក្នុងបំណងបង្កើតជាតំបន់ ទេសចរណ៍ និងទីតាំងយោធា។ សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និង ដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលកងកម្លាំងថៃបានធ្វើការតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ និង គោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងទៀត។

កម្ពុជា នៅតែប្តេជ្ញា ចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែល មានស្រាប់ ទន្ទឹមនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬ ដោយស្ថានការណ៍ដែលបង្កើតឡើងជាឯកតោភាគីនោះឡើយ៕

To Top