ព័ត៌មានជាតិ

ស្អែកនេះ ក្រសួងការងារ នឹងបើកវេទីកាការងារ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី១៤ និងទី១៥ ខែមីនា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះ នឹងរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកូនភ្នំ ៣២ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង​ និងក្នុងបរិវេណសាលាស្រុកអូរជ្រៅ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៤ ខែមីនា។ ចំណែកថ្ងៃទី១៥ វេទិកាការងារនឹងរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី និងអនុវិទ្យាល័យបន្សាយត្រែង ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង និងនៅក្នុងបរិវេណសាលាស្រុកស្វាយចេក ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

អ្នកនាំពាក្យដដែលបានឱ្យដឹងថា ក្នុងវេទិកាការងារនេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៨ម៉ឺនកន្លែងជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបានអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវសាជាថ្មីម្តងទៀតទៅដល់អតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសខេត្តជាប់ព្រំដែនពិចារណារកឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕

To Top