មន្ត្រីខេត្តព្រះវិហារ ចូលរួមកិច្ចប្រជុំអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ ថ្ងៃទី១៣ មីនា ២០២៦
ព្រះវិហារ៖ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ មីនា ២០២៦ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងពិនិត្យអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារ និងការកំណត់ទិសដៅបន្ត ក្នុងការបង្ការ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងក្លាយជាបញ្ហាប្រឈមមួយក្នុងតំបន់ និង សកលលោក។

ក្នុងឱកាសនោះ គណៈរដ្ឋមន្ត្រីក៏បានពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងដោះស្រាយបទល្មើសឌីជីថល ព្រមទាំងការពារសុវត្ថិភាពសង្គម និង សេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះ កិច្ចប្រជុំក៏បានស្តាប់របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហា ជនភៀសសឹក និងវិធានការដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ដើម្បីធានាសុវត្ថិភាព និងការគាំទ្រដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ជាមួយគ្នានេះផងដែរ គណៈរដ្ឋមន្ត្រីបានពិនិត្យ និងវាយតម្លៃ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ដោយផ្អែកលើហានិភ័យថ្មីៗ ដែលកើតឡើងពីការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមនៅក្នុងស្រុក។




កិច្ចប្រជុំបានបង្ហាញពីការបន្តពង្រឹងការសហការរបស់ស្ថាប័នរដ្ឋ ដើម្បីធានាការគ្រប់គ្រងប្រសិទ្ធភាពលើបញ្ហាសន្តិសុខបច្ចេកវិទ្យា ការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពសង្គមនៅក្នុងប្រទេស៕
ដោយ៖សួន ពិសិត| ដើមអម្ពិល
