ព័ត៌មានជាតិ

អ្នកវិភាគ៖ ការជូនដំណឹងពីគម្រោង​ស៊ើបអង្កេត​ពាក់​ព័ន្ធការងារ ដោយបង្ខំរបស់អាមេរិក គឺជា​ល្បែង​នយោ​បាយផ្ទៃក្នុងដែលសូម្បីតែសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប និងប្រទេសអាស៊ានខ្លះក៏រងការអង្កេតដែរ

ភ្នំពេញ៖ អ្នកវិភាគ និងអ្នកតាមដាន​បញ្ហា​សង្គម​នៅ​កម្ពុជា បានអះអាងដូចៗគ្នាថា ការជូនដំណឹង​ពីគម្រោង​ស៊ើប​អង្កេត​ពាក់ព័ន្ធការងារ​ដោយបង្ខំរបស់​អាមេរិក​ទៅ​លើ​ប្រទេសចំនួន ៦០ ដែលរួមមានទាំង​សម្ព័ន្ធមិត្តចាក់​ទឹកមិន​លិចរបស់ខ្លួនផង គឺគ្រាន់តែជាលុបលាង​បញ្ហា​នយោ​បាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ​ប៉ុណ្ណោះ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖«ការស៊ើបអង្កេតនេះ គ្រាន់តែជាការ​លុបលាងបញ្ហា​នយោបាយផ្ទៃ​ក្នុង​របស់​ខ្លួនប៉ុណ្ណោះ ដោយសារនយោ​បាយពន្ធបដិ​ការបស់​លោក ដូណាល់ ត្រាំ មិនអាចទទួលបាន​ជោគជ័យ​នោះ​ទេ ព្រោះមានបញ្ហផ្ទៃក្នុងរបស់ខ្លួន»។

លោកបណ្ឌិតបន្តថា ដោយសារតែការបរាជ័យលើការ​ដាក់​ពន្ធ​បដិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទើបធ្វើឱ្យ​សហ​រ​ដ្ឋអាមេរិកយកការស៊ើបអង្កេតនេះធ្វើជាលេស ដើម្បី​​ដាក់សម្ពាធមកលើសម្ព័ន្ធមិត្ត និងបណ្ដា​លប្រទេស​មួយ​ចំនួននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ ក្នុង​គោល​បំណងលួងចិត្តម្ចាស់ឆ្នោត និងស្ដារប្រជា​ប្រិយភាពរដ្ឋការរបស់អាមេរិក ដែលដឹកនាំដោយ​គណបក្ស​សាធារណរដ្ឋ។

សម្រាប់អ្នកវិភាគរូបនេះ គម្រោងនៃការស៊ើបអង្កេតនេះ នឹងបង្កឱ្យមានបញ្ហាធំដុំដល់បណ្ដាប្រទេសដែលនៅក្នុងបញ្ជីនោះទេ។

លោកបណ្ឌិត យង់ ពៅ៖«បញ្ហាទាំងអស់នេះ គឺជាប់ពាក់​ព័ន្ធនឹងបញ្ហា​នយោបាយផ្ទៃក្នុងរបស់ខ្លួន ដែលស្វែង​រកប្រ​ជា​ប្រិយភាពឡើងវិញ។ ក្នុងន័យនេះ បើទោះបីជា​មាន​ការ​ស៊ើបអង្កេតទៅលើបណ្ដាប្រទេសទាំងអស់នេះ ក៏​មិន​មាន​អ្វីប្រែប្រួល ឬបង្កជាបញ្ហាធំដុំអ្វីដែរ»។

បន្ថែម​លើការលើកឡើងនេះ លោក សំ សឿន ប្រធានស​ហភា​ពពលកម្មជាតិកម្ពុជា និងជាអ្នកតា​មដាន​បញ្ហា​នយោ​បាយបាន​ថ្លែងថា៖«​គម្រោងស៊ើប​អង្កេតជុំវិញកា​រ​ប្រើ​ប្រាស់​កម្លាំងពលកម្មដោយបង្ខំនេះ គឺមិនមែន​មានតែ​កម្ពុជា​នោះទេ សូម្បីតែប្រទេសសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ថៃ ហ្វី​លីពីន សឹង្ហបុរី វៀតណាម និង​ឥណ្ឌូនេស៊ី ក៏រង​នូវកា​រអង្កេតដូចគ្នាដែរ»។

សូមបញ្ជាក់ថា ការអះអាងរបស់អ្នកវិភាគ និងអ្នកតាម​ដាន​បញ្ហានយោបាយនៅកម្ពុជានេះ គឺធ្វើឡើង​បន្ទាប់​ពី​មាន​សេចក្ដីជូនដំណឹងរបស់តំណាងពាណិជ្ជកម្ម នៃ​ស​ហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៦នេះបានឱ្យដឹងថា ប្រទេសចំនួន ៦០ ដែលជាប់​ការអង្កេត​របស់សហរដ្ឋអាមេរិករួមមាន៖ សម្ព័ន្ធមិត្តសហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន កាណាដា អ៊ីស្រាអែល កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តនៅតំបន់អាស៊ានដូចជា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។

ទន្ទឹមនេះ អ្នកវិភាគ និងតាមដានបញ្ហានយោ​បាយមើល​ឃើញ​ដូចៗគ្នាថា កម្ពុជាតែងតែអនុវត្ត​ទៅតាមច្បាប់​អន្តរ​ជាតិ ច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងកិច្ចសន្យាកា​រ​ងារ​ផ្សេងៗ​ដែល​មិន​មាន​ការរំលោភបំពានច្បាប់ការងារ និងការរំលោភ​ទៅលើ​ការ​ប្រើ​ប្រាស់ក​ម្លាំង​ពល​កម្ម​ដោយ​បង្ខំទេ។ ដូច្នេះកម្ពុជា​មិនគួរព្រួយ​បារម្ភ​ខ្លាំងពេកនោះទេ ប៉ុន្ដែ​ត្រូវតែព្យាយាមបន្តអនុវត្តទៅតាមច្បាប់ជាតិ អន្តរ​ជាតិ និងលិខិតបទដ្ឋានគតិយុត្តិនានា។

យ៉ាងណាក៏ដោ​យ លោក សំ សឿន បានអំពាវនាវ​ឱ្យសា​ធារ​ណជន និងប្រជាពលរដ្ឋ​កុំឱ្យជឿលើ​ការលើក​ឡើង​ណា​មួយ​ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែល​មាន​ចេតនាបន្ទច់បង្អាក់ និងដាក់​បន្ទុកម​កលើ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា ព្រោះបញ្ហានេះជានយោបាយផ្ទៃក្នុងអាមេរិក ដើម្បី​ស្ដា​រប្រជាប្រិយភាព ដែលសូម្បីស​ម្ព័ន្ធមិត្តរបស់​ខ្លួនក៏រង​ការ​អង្កេត​ដែរ៕

To Top