ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី បន្តពង្រឹងកិច្ចសហការផ្ដល់មូលនិធិ រេដបូកកែវសីមា
មណ្ឌលគិរី៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី បន្តពង្រឹងកិច្ចសហការផ្ដល់មូលនិធិរេដបូកកែវសីមា ដំណាក់កាលទី៥ ដល់សហគមន៍ចំនួន២០ ភូមិគោលដៅ ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងការពារធនធានធម្មជាតិ។

ពិធីចុះហត្ថលេខា និងប្រគល់កិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាលដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី ដោយមានអ្នកចូលរួមសរុប ១៣២ នាក់។

ផ្អែកតាមឯកសារទស្សនទានរបស់គម្រោងបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ភូមិគោលដៅទាំង២០ភូមិរបស់គម្រោងរេដបូកកែវសីមាបានទទួលមូលនិធិរេដបូក តាមរយៈកម្មវិធីថវិកាសម្រាប់សហគមន៍ (C4C)ចំនួន៤លើករួចមកហើយ ដែលមានមូលនិធិសរុបចំនួន១.៨៣៥.៣២០ ដុល្លាអាមេរិក។

ឯកសារនោះថា សហគមន៍ជាអ្នកគ្រប់គ្រងមូលនិធិទាំងនេះដោយផ្ទាល់ បន្ទាប់ពីគម្រោងបានផ្ទេរមូលនិធិចូលទៅក្នុង គណនីធនាគារបស់ភូមិគោលដៅនីមួយៗ។ ថវិកានេះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពអភិវឌ្ឍន៍សហគមន៍ដែល ឆ្លងកាត់កិច្ចពិភាក្សាពិគ្រោះយោបល់កំណត់សកម្មភាពអាទិភាព និងបានដាក់បញ្ចូលទៅក្នុងផែនការវិនិយោគឃុំ និង ផែនការវិនិយោគស្រុក។

ផែនការអភិវឌ្ឍន៍សហគមន៍ដែលបានអនុវត្តកន្លងមកមានសកម្មភាពចំបងៗដូចជា ការ គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ការអភិវឌ្ឍន៍ជីវភាព ការកែលម្អការអប់រំ ការកែលម្អការថែទាំសុខភាព ថែរក្សាប្រពៃណីវប្បធម៌ជនជាតិដើមភាគតិច និងការចំណាយប្រតិបត្តិការ។

សកម្មភាព ដែលបានអនុវត្តរួមមានដូចជា ការផ្តល់អាហារពេលព្រឹក និងការចែកសម្ភារ សិក្សាដល់សិក្សានុសិស្សថ្នាក់បឋមសិក្សា ការផ្តល់សេវាសុខភាពចល័ត ការអនុវត្តផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធខ្នាតតូច (ដាក់លូ បង្គន់ រោងប្រជុំ ជុសជុលផ្លូវ សាងសង់ស្ពាន អណ្តូង) រៀបចំប្រព័ន្ធទឹកស្អាត បង្កើតក្រុមសន្សំ រៀបចំក្រុមចិញ្ចឹមគោ ការល្បាតសហគមន៍ និងការដាំកូនឈើតាមសាលារៀន និងក្នុងភូមិ។
គោលបំណងរួមគឺគាំទ្រ ការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព ការថែរក្សាវប្បធម៌ប្រពៃណី និងការអភិវឌ្ឍជីវភាព និងលើកកម្ពស់សុខមាល ភាពជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែនរបស់នៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃកែវសីមា។
- ដំណាក់ កាលទី១ (២០១៨/២០១៩) មូលនិធិសរុប ២៣៨.៥៥៤ដុល្លារអាមេរិក។ ភូមិនីមួយៗទទួលបានថវិកាស្មើគ្នាចំនួន ១១.៧៦៦ដុល្លាអាមេរិក លើកលែងតែភូមិអណ្តូងក្រឡឹងទទួលបាន ១៥.០០០ដុល្លាអាមេរិកសម្រាប់ការសាកល្បង ដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។
- ដំណាក់កាលទី២ (២០០០-២០២២) មូលនិធិសរុបចំនួន២០០.០០០ ដុល្លាអាមេរិក។ ភូមិនីមួយៗទទួលបានថវិកា ១០.០០០ដុល្លារអាមេរិក។
- ដំណាក់កាលទី៣ (២០២២-២០២៤) មូលធិនិសរុប ៦០០.០០០ដុល្លាអាមេរិក និងលើកទី៤ (២០២៤-២០២៥)។ ភូមិនីមួយៗទទួលបានបរិមាណខុសៗគ្នា ដោយផ្អែកលើលទ្ធផលនៃការអនុវត្តសកម្មភាពដែលមូលនិធិទទួលបានចាប់ពី ១៦.៩២៦ដុល្លាអាមេរិក រហូតដល់៥៦.៣៧០ ដុល្លាអាមេរិក។
ដោយ៖ ចាន់ បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
