ក្រសួងការងារ បន្តនាំយកឱកាស ការងារប្រមាណ ១ ០០០កន្លែងទៅដល់មូលដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន ៤ បានចូលរួមសម្ភាសន៍ ជ្រើសរើសបុគ្គលិកដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រព្រឹត្តទៅនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ វេទិកានេះបាននាំយកឱកាសការងារចំនួនប្រមាណ ១ ០០០កន្លែង មកបង្ហាញជូនដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ក្នុងយុទ្ធនាការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរៀបចំឡើងជារៀង រាល់សប្តាហ៍នៅតាមមូលដ្ឋានគោលដៅ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»។

ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលចូលរួម សម្ភាសស្វែងរកការងារនៅបរិវេណសាលាស្រុកស្វាយចេក លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងខិតខំប្រមូលផ្ដុំព័ត៌មានការងារឱ្យបានសម្បូរបែបបំផុត ដើម្បីដាក់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែង ក្នុងវេទិកានៅថ្ងៃនេះ ប្រជាពលរដ្ឋ យុវជន និងជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ អាចធ្វើការចុះឈ្មោះ និងសម្ភាសន៍ដើម្បីទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗទាំង ៤ ដែលបានមកដល់ទីតាំងផ្ទាល់តែម្ដង។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការនាំយកឱកាស ការងារមកដល់កៀកផ្ទះបែបនេះ គឺជាយុទ្ធសាស្ត្រថ្មី ដែលជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយ ថវិការបស់បងប្អូន ដែលខុសពីសម័យមុន ដែលត្រូវធ្វើដំណើរទៅស្វែង រកការងារដោយខ្លួនឯង។ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្ត ឱ្យបងប្អូនងាកមក ចាប់យកការងារក្នុងស្រុក ដែលមានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អ និងមានឱកាសរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូនចៅ និងឪពុកម្ដាយ។ ការធ្វើការក្នុងស្រុកមិនត្រឹមតែជៀសផុត ពីការកេងប្រវ័ញ្ចកម្លាំង ពលកម្មខុសច្បាប់នៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារពីបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) យ៉ាងពេញលេញផងដែរ។

ក្រៅពីការផ្តល់ការងារ លោក ប៉ុក ប៉ាន់ ក៏បានជំរុញឱ្យយុវជន និងពលករដែលត្រឡប់ពីក្រៅប្រទេស ចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET 1.5M) ដែលជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញ មួយយ៉ាងតិចប្រចាំជីវិត»។ ចំពោះបងប្អូនដែលមានជំនាញ ស្រាប់តែមិនទាន់មានវិញ្ញាបនបត្រទទួលស្គាល់ ក្រសួងក៏បានដាក់ចេញនូវ ប្រព័ន្ធវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដែលអនុញ្ញាតឱ្យបុគ្គលគ្រប់រូបអាចស្នើសុំធ្វើតេស្តដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញផ្លូវការ។

សូមជម្រាបជូនផងដែរថា ឱកាសការងារ ១ ០០០កន្លែង ក្នុងខេត្តបន្ទាយមានជ័យនេះ គឺជាផ្នែកមួយនៃឱកាសការងារសរុបជាង ៨៣ ០០០កន្លែង ដែលក្រសួងកំពុងផ្ដល់ជូននៅទូទាំងប្រទេស៕




