ព័ត៌មានជាតិ

ក្រសួងការងារ បន្តនាំយកឱកាសការងារជិត ៣ពាន់ កន្លែង ជូនដល់អតីតពលករ និងប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង

បាត់ដំបង៖ សកម្មភាពនាំយកឱកាសការងារ ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានគឺជាកិច្ចការអាទិភាពដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះអតីតពលករ ដើម្បីធានាថាបងប្អូនទាំងនោះ និងយុវជននៅ តាមមូលដ្ឋានមានការងារធ្វើ និងទទួលបានប្រាក់ចំណូល សមរម្យ ដើម្បីលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ របស់ខ្លួនកាន់តែប្រសើរ។

ជាក់ស្តែង នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នេះ វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តការងាររបស់ខ្លួនយ៉ាងសកម្មនៅក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី និងអនុវិទ្យាល័យបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានអតីតពលករ និងប្រជាពលរដ្ឋចូលរួមប្រមាណ ៨០០ នាក់ មកទទួលព័ត៌មានឱកាសការងារថ្មីៗ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស។

ក្នុងឱកាសនោះ លោក​ ឡៅ ហ៊ីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការនាំយកនូវ ឱកាសការងារចំនួន ២ ៧៥០ កន្លែង ដែលផ្តល់ដោយតំណាងរោងចក្រ សមាគម និងទីភ្នាក់ងារបញ្ជូនពលករចំនួន ០៧ ក្នុងចំណោមឱកាសការងារសរុបជាង ៨ ម៉ឺនកន្លែងនៅទូទាំងប្រទេស។ លោកបញ្ជាក់ថា ការងារក្នុងស្រុកគឺជាជម្រើសដ៏ល្អ ព្រមជាមួយនូវមាន លក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលសមរម្យ។ អ្វីដែលកាន់តែពិសេសនោះ គឺការទទួលបានការគាំពារ ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលផ្តល់នូវភាព កក់ក្តៅដល់កម្មករនិយោជិត និងការជួយសម្រាលបន្ទុក ជីវភាពតាមរយៈបណ្ណក្រីក្រសម្រាប់បងប្អូន ដែលមានតម្រូវការចាំបាច់។

លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត ដល់យុវជន ជាពិសេសអតីតពលករ សូមចាប់យកឱកាសមាសសិក្សា ក្នុងកម្មវិធីថ្នាក់ជាតិបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់ (TVET 1.5M) ដោយមិនបង់ប្រាក់ ប៉ុន្តែទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់គ្រួសារក្រីក្រ និងងាយរងហានិភ័យទៀតផង។

សម្រាប់បងប្អូនដែលមានបំណង ស្វែងយល់ព័ត៌មានបន្ថែម ឬចុះឈ្មោះស្វែងរកការងារ សូមទំនាក់ទំនងទីភ្នាក់ងារ ជាតិមុខរបរ និងការងារ (NEA) ឬតាមរយៈលេខទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បីទទួលបានការពិគ្រោះ យោបល់គ្រប់ជ្រុងជ្រោយ៕

To Top