លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ផ្ទះ៣ខ្នងទៀត ជូនក្រុមគ្រួសារវីរកងទ័ពពលី
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះផ្ទះ ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា គ្រប់គ្នាត្រូវចងចាំវីរភាព និងការលះបង់ របស់វីរកងទ័ព ពិសេសថ្នាក់ដឹកនាំកម្ពុជាបាននិងកំពុងគិតគូរជាប្រចាំ ចំពោះក្រុមគ្រួសារវីរកងទ័ព ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ។

លោកជំទាវបណ្ឌិតមានប្រសាសន៍បន្តថា ជីវភាព និងការរស់នៅ ដើម្បីបន្តរួមចំណែកជាមួយកម្ពុជា គឺជាកាតព្វកិច្ចរបស់ទាំងអស់គ្នា ដែលនេះ គឺសបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវ ក្នុងនាមរាជរដ្ឋាភិបាលផង និងសមាជិកក្រុមគ្រួសារវីរកងទ័ពផង ក៏ដូចជាប្រជាជនកម្ពុជា ទាំងអស់ផងដែរ៕






