ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់ ៖ កម្ពុជា បាននិងកំពុងធានា បានសុខសុវត្ថិភាព និងសន្តិសុខ សម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិ ទាំងអស់

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ គូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងធានា បាននូវសុខសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់។

ការលើកឡើងរបស់លោក ហួត ហាក់ ធ្វើឡើង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នាឱកាសអញ្ជើញថ្លែង សុន្ទរកថា ក្នុងកម្មវិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Miss Planet International 2025 ដោយមានការអញ្ជើញចូលរួមពីលោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, តំណាងអង្គការទេសចរណ៍កម្ពុជា-កាតា (CATA), លោកស្រី ហាលី អាមី ប្រធានស្ថាប័នបវរកញ្ញា Miss Planet International ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង ២,០០០រូប មកពីបណ្តាប្រទេសនានា​ ជុំវិញពិភពលោក និងការចូលរួមពីបេក្ខនារី ចំនួន៣៣រូប មកពី៣៣ប្រទេស ដោយមានការផ្សាយបន្តផ្ទាល់ ដល់ទស្សនិកជនគ្រប់ទ្វីប នៃពិភពលោក។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព និងមានសក្តានុពលទេសចរណ៍ខ្ពស់ ស្រស់ស្អាត និងប្លែកៗជាច្រើន ជាពិសេសធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ របស់ប្រជាជនកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមខថា កម្ពុជា បាននិងកំពុងធានាបាននូវសុខសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់។ ជាក់ស្តែង ការរៀបចំកម្មវិធី Miss Planet International 2025 នៅរាជធានីភ្នំពេញ បានបង្ហាញយ៉ាងច្បាស់​ពីសមត្ថភាព និងលទ្ធភាពរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ព្រមទាំងបញ្ជាក់ ពីបរិយាកាសសុខសុវត្ថិភាព និងការអភិវឌ្ឍដ៏រស់រវើក របស់រាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា៕

To Top