ព័ត៌មានជាតិ

ដាណឺម៉ាក ពេញចិត្តជំហរកម្ពុជា ដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី

ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកអគ្គរាជទូតដាណឺម៉ាក ប្រចាំនៅកម្ពុជា បានបង្ហាញការពិតចិត្តជាខ្លាំង ចំពោះថ្នាក់ដឹកនាំកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ និងលោកដែននី អានណាន ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំនៅកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា សម្ដេចតេជោបានចែករំលែកអំពីស្ថានការណ៍អន្តរជាតិមួយចំនួនដែលកើតមានឡើងនៅពេលបច្ចុប្បន្ន ជាពិសេសបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដែលបានកើតឡើងនាពេលកន្លងមកនេះ ដែលភាគីទាំងពីរកំពុងតែរក្សាគោលជំហរបទឈប់បាញ់ ។

អ្នកនាំពាក្យបន្តថា សម្ដេចតេជោបានបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមក គឺគាំទ្រចំពោះការរក្សានូវជំហរនៃការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហា និងការចរចាដោយសន្តិវិធី ។

ជាកិច្ចឆ្លើយតបឯកអគ្គរាជទូតដាណឺម៉ាក បានពេញចិត្ត ចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ។

សូមបញ្ជាក់ថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ នូវបទឈប់បាញ់ និងគ្រប់ចំណុច នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀត ៕

To Top