១៥ថ្ងៃ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះអគ្គិភ័យកើតឡើង ២៨ករណី
ភ្នំពេញ ៖ ក្នុងរយៈពេល១៥ថ្ងៃកន្លងមកនេះ ពោលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យបានកើតឡើងចំនួន២៨ករណី ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យមានការខូចខាត និងឆេះផ្ទះសំបែងប្រជាពលរដ្ឋ២២ខ្នង បន្ទប់ស្នាក់នៅ៣ ព្រៃ៣កន្លែង តូបលក់ដូរ២ ឡថ្នាំជក់១ រោងដាក់ចំបើង១ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។
ករណីអគ្គិភ័យទាំងនេះ មាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កែប ព្រះសីហនុ ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កពង់ធំ ស្ទឹងត្រែង ត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង។
គួរបញ្ជាក់ថា ក្នុងខែកុម្ភៈកន្លងទៅ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើង៩៧ករណី បណ្ដាលឱ្យខូចខាត និងឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង៕
