ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ស្នើពលរដ្ឋដាំក្រូចថ្លុងកោះទ្រង់ ត្រូវរក្សាពូជ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានស្នើឱ្យប្រជាពលរដ្ឋ ដែលជាអ្នកដាំដំណាំក្រូចថ្លុងកោះទ្រង់ ត្រូវរួមគ្នាថែរក្សា គ្រប់គ្រងបន្សុទ្ធពូជ និងពង្រីកការដាំដុះបន្ថែមទៀត ដោយកុំយកពូជប្រភេទណាផ្សេង មកលាយឡំធ្វើឱ្យខូចពូជក្រូចថ្លុងកោះទ្រង់ ។

ក្នុងឱកាសចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា ក្រូចថ្លុងកោះទ្រង់ ជាផលិតផលមួយដែលទទួលស្គាល់ ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ក្នុងចំណោមផលិតផល ដែលបានទទួលស្គាល់រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករក្រអូបព្រះវិហារ ក្រូចថ្លុងកោះទ្រង់ និងប្រហុកសៀមរាប ។

លោកថា ដោយសារក្រូចថ្លុងកោះទ្រង់ បានចុះបញ្ជីសម្គាល់ភូមិសាស្ត្រនោះ ដើម្បីចូលរួមចំណែករក្សាកេរ្តិ៍ឈ្មោះ របស់ក្រូចថ្លុងកោះទ្រង់នេះ កុំយកពូជណាផ្សេងមកលាយឡំជាមួយគ្នាធ្វើឱ្យខូចពូជ ។ ដូច្នេះប្រជាពលរដ្ឋគួរបន្តថែរក្សាគុណភាព និងពង្រីកការដាំដុះបន្ថែម ដើម្បីបង្កើនផលិតកម្ម និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះបន្ថែមថា សង្កាត់កោះទ្រង់មានផ្ទៃដី២៣៣ ហិកតា ។ ក្នុងនោះប្រជាពលរដ្ឋបានដាំក្រូចថ្លុងចំនួន ៩០០០ ដើម និងក្រូចដែលបានទទួលផលមានចំនួន ៦០០០ ដើម។

សូមបញ្ជាក់ថា ក្រូចថ្លុងកោះទ្រង់ ត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ក្រូចថ្លុងកោះទ្រង់» កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨៕

To Top