ព័ត៌មានជាតិ

កម្ពុជា-អូស្រ្តាលីបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET តាមរយៈភាពជាដៃគូបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (អេស ខេមបូឌា)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C) ហៅកាត់ថា អេស ខេមបូឌា ជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ក្រោមភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) អូស្ត្រាលី ហើយគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។

ថ្លែងក្នុងពិធីសម្ពោធនាព្រឹកនេះលោករដ្ឋមន្ត្រី ហេង សួរ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរហូតសម្រេច បានសមិទ្ធផលថ្មីនេះ ដោយលោកសង្កត់ធ្ងន់ថា ការបង្កើតបាន និងបើកឱ្យដំណើរជាផ្លូវការ អេស ខេមបូឌា នាថ្ងៃនេះ គឺមិនត្រឹមតែជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្ត្រាលីប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃភាពជាដៃគូរវាងភាគីទាំងពីរ ដោយផ្អែកលើការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការអភិវឌ្ឍជំនាញ និងការរៀនសូត្រពេញមួយជីវិត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមចក្ខុវិស័យដ៏មុតស្រួច និងវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច សម្តេច បានរំលឹកឡើងវិញថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ ថា “ប្រជាជន” គឺជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់កម្ពុជា។

លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា អេស ខេមបូឌា នឹងដើរតួនាទីជាវេទិកាឈានមុខក្នុងការបណ្តុះបណ្តាលជាក់ស្តែងផ្នែកយានយន្ត ហើយមានគោលបំណង លើកកម្ពស់ស្តង់ដា ពង្រឹងការត្រៀមខ្លួនចូលធ្វើការ និងណែនាំវិធីសាស្ត្រ “រៀនផង ធ្វើការផង” ដោយយកគំរូតាមប្រព័ន្ធ សិស្សរបស់អូស្ត្រាលី។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើអាទិភាពយុទ្ធសាស្ត្រចម្បងចំនួន ៥ ដូចជា៖ (១) ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី, (២) នវានុវត្តន៍ និងគម្រោងសាកល្បង, (៣) ការបំប្លែងឌីជីថលក្នុង TVET, (៤) ការសម្របសម្រួលគោលនយោបាយ និង(៥) ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ។ តាមរយៈការរួមបញ្ចូលកម្មវិធីសិក្សារបស់ BKI និងបច្ចេកវិទ្យាឧស្សាហកម្មទំនើបរបស់ RMA, កម្ពុជាមិនត្រឹមតែបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលមួយប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតមជ្ឈមណ្ឌលគំរូសម្រាប់នវានុវត្តន៍ក្នុងការវិភាគវិនិច្ឆ័យ, យានយន្តអគ្គិសនី និងសុវត្ថិភាព ហើយក៏ធានាថា សិស្សបញ្ចប់ការសិក្សាមានភាពត្រៀមខ្លួនសម្រាប់ការងារតាំងពីថ្ងៃដំបូង។ លោករដ្ឋមន្ត្រី បានបន្តសង្កត់ធ្ងន់ថា តាមរយៈផ្លែផ្កា នៃកិច្ចសហការនេះ យើងនឹងរួមគ្នាបង្កើតប្រព័ន្ធ TVET ជំរុញដោយឧស្សាហកម្មទំនើប ដែលផ្តល់ឱ្យយុវជន នូវសមត្ថភាពឧស្សាហកម្មជាមួយនឹងទេពកោសល្យ ដែលអាចជួយប្រទេសកម្ពុជាជាមួយនឹងទំនុកចិត្តដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។

លោកស្រី Bridget Collier ក៏បានចាត់ទុកមជ្ឈមណ្ឌលនេះ គឺជាជំហានថ្មីមួយទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ដែលបានបន្តយូរមកហើយក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពមនុស្ស ខណៈពេលដែលកម្ពុជាកំពុងបន្តរីកចម្រើន ធ្វើពិពិធកម្មសេដ្ឋកិច្ច និងឆ្ពោះទៅរកឧស្សាហកម្មកម្រិតខ្ពស់ជាងមុន ហើយតម្រូវការកម្លាំងពលកម្មជំនាញ ក៏ក្លាយជាកត្តាស្នូលកាន់តែសំខាន់ សម្រាប់ការសម្រេចបំណងអភិវឌ្ឍរបស់ខ្លួន។

លោកស្រី Sharan Burrow ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន BKI, លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia និងលោក វ៉ាន់ វិចិត្រ ដេវីត នាយកមជ្ឈមណ្ឌល អេស ខេមបូឌា សុទ្ធតែបានសង្កត់ធ្ងន់ទៅលើភាពជាដៃគូនៃកិច្ចសន្ទនា ដែលនាំឱ្យមានសមិទ្ធផលនេះ ដែលអូស្រ្តាលីពិតជាមានមោទនភាពដែលបានរួមចំណែកបង្កើតឡើងដែលនឹងគាំទ្រដល់សិស្សរាប់ពាន់នាក់នៅក្នុងឆ្នាំខាងមុខ ក្នុងការកសាងជំនាញ ពង្រឹងអាជីព និងការរីកចម្រើនបន្តទៀតនៃវិស័យយានយន្ត និងវិស័យផលិតកម្មកម្ពុជា។

នាឱកាសនោះដែរ លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងលោកស្រី Bridget COLLIER, លោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន BKI, ក្រុមហ៊ុន RMA Cambodia, មូលនិធិអភិវឌ្ឍជំនាញ និងដៃគូដទៃទៀត ចំពោះការជឿទុកចិត្ត និងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការវិនិយោគលើគំរូភាពជាដៃគូរដ្ឋ-ឯកជន នេះឡើង (PPP) ដែលជួយបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ចកម្ពុជា៕

To Top