រកឃើញការបង្កកំណើត របស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូង នៅប្រជុំកោះស្ដេច
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការ គាំពារធនធានសមុទ្រ ព្រមទាំងមូលនិធិសង្សារ បានប្រកាសពីការរកឃើញនូវការបង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងនៅកោះសង្សារ នៃខេត្តព្រះសីហនុ និងប្រជុំ កោះស្តេចនៃខេត្តកោះកុង។
ការចុះអង្កេតនិងសិក្សា អំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹកនេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៦ ដោយមានការគាំទ្រ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខ ជាតិ អង្គការគាំពារធនធានសមុទ្រ មូលនិធិសង្សារ Bubbles Up Dive Centre និង Khmer Dive Group។

ក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានធ្វើការមុជទឹកនៅពេលយប់ និងតាមដានផ្កាថ្មប៉ប្រះ ទឹកយ៉ាងយកចិត្តទុកដាក់ ដើម្បីកត់ត្រាសកម្មភាពការបង្កកំណើត និងកត់ត្រាបរិស្ថានជុំវិញ ដើម្បីវាយតម្លៃសុខភាព ផ្កាថ្ម។ ការស្រាវជ្រាវនេះ បានផ្តល់ជាមូលដ្ឋានទិន្នន័យវិទ ផ្តល់ជាមូលដ្ឋានទិន្នន័យវិទ្យាសាស្ត្រសំខាន់ៗ ដែលជួយឱ្យអ្នកស្រាវជ្រាវបានយល់អំពី វដ្តបន្តពូជរបស់ផ្កាថ្ម ការតាមដានការរស់ឡើងវិញនៃផ្កាថ្ម និងកំណត់កត្តាដែលរួមចំណែកដល់ការគ្រប់គ្រងផ្កាថ្ម ប៉ប្រះទឹកប្រកបដោយប្រសិទ្ធភាព។
ទិន្នន័យដែលប្រមូលបានក៏ផ្តល់ជាភស្តុតាងមូលដ្ឋានជាយុទ្ធសាស្ត្រក្នុងការអភិ រក្សផ្កាថ្មប៉ប្រះទឹករយៈពេលវែង សម្រាប់ជាប្រយោជន៍ដល់ទាំងជីវៈចម្រុះ និងសហគមន៍ឆ្នេរសមុទ្រ ដែលពឹងផ្អែកលើ ផ្កាថ្មប៉ប្រះទឹកដែលមានសុខភាពល្អសម្រាប់ជាអាហារ និងជីវភាពរស់នៅ។

កញ្ញា Jun Cheng ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃកម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្រប្រចាំអង្គការសត្វព្រៃ និង រុក្ខជាតិប្រចាំកម្ពុជា បានឱ្យដឹងថា ការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម រយៈពេលបីឆ្នាំជាប់ៗគ្នា គឺជាសញ្ញា ដ៏ល្អមួយដែលបង្ហាញថា ផ្កាថ្មប៉ប្រះទឹកនៅក្នុងប្រទេសកម្ពុជានៅតែមានភាពធន់គួរឱ្យកត់សម្គាល់។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ភាពជោគជ័យនៃការ រកឃើញការបង្កកំណើតរបស់ផ្កាថ្មនេះ បានបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងគ្រប់គ្រងជាបន្ត បន្ទាប់នៅក្នុងតំបន់ការពារសមុទ្ររបស់ប្រទេសកម្ពុជា។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា «លទ្ធផល ដែលបានបង្ហាញ ៣ ឆ្នាំជាប់ៗគ្នានេះ ជាសក្ខីភាពបង្ហាញថា សមុទ្ររបស់យើងកំពុងមានសុខភាពល្អ ហើយនេះក៏ជា សក្ខីភាពមិនអាចប្រកែកបាននៃជោគជ័យក្នុងការអនុវត្តវិធានការការពារធនធានជលផលរបស់យើង»៕
