ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីថ្លែងការណ៍ពន្យល់ជាផ្លូវការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីបំបាត់កង្វល់របស់សាធារណជន បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនសម្រុក ទៅដកប្រាក់បញ្ញើចេញពីធនាគារមួយចំនួន ជាពិសេសគឺធនាគារ Asia-Pacific Development Bank (APD Bank)
សេចក្តីថ្លែងការណ៍នេះ ចេញដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធធនាគារកម្ពុជានៅតែរឹងមាំ និងមានស្ថិរភាព ហើយធនាគារទាំងអស់នៅបន្តប្រតិបត្តិការជាធម្មតា។
លោកស្រីបានពន្យល់ថា ការសម្រុកដកប្រាក់ទាំងអស់ក្នុងពេលតែមួយ អាចបង្កឱ្យធនាគារជួបបញ្ហាលំហូរសាច់ប្រាក់បណ្តោះអាសន្ន ព្រោះធនាគារតែងតែបង្វិលសាច់ប្រាក់ទៅឱ្យអ្នកខ្ចីក្នុងរយៈពេលវែង មិនមែនរក្សាសាច់ប្រាក់សាច់ទាំងអស់នៅក្នុងធនាគារទេ។ បើអតិថិជនទាំងអស់មកដកក្នុងពេលតែមួយ វាជារឿងធម្មតាដែលធនាគារមិនអាចបង្វិលប្រាក់ទាន់ភ្លាមៗបាន មិនមែនមានន័យថាធនាគារគ្មានប្រាក់សងនោះទេ។
លោកស្រីបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំផ្អើលឈូឆរ ឬសម្រុកដកប្រាក់ទាំងអស់ ហើយសូមទុកពេលវេលាឱ្យធនាគារជាតិធ្វើការជាមួយធនាគារពាក់ព័ន្ធ ដើម្បីរកវិធីដោះស្រាយ និងការពារផលប្រយោជន៍របស់អ្នកដាក់ប្រាក់បញ្ញើ។
សេចក្តីថ្លែងការណ៍នេះមានគោលបំណងបំបាត់ការភ័យខ្លាច និងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុទូទាំងប្រទេស។ ប្រជាពលរដ្ឋគួរតែតាមដានព័ត៌មានផ្លូវការពីធនាគារជាតិនៃកម្ពុជា ឬធនាគាររបស់ខ្លួន ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ៕



