ព័ត៌មានជាតិ

ធនាគារពិភពលោក ប្ដេជ្ញាបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត

ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម ខណៈធនាគារពិភពលោក បន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា។

ក្នុងឱកាសនៃជំនួប, លោកអនុប្រធានធនាគារពិភពលោក បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងបង្ហាញការគាំទ្រចំពោះការដាក់ចេញនូវគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ, លោក ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីគម្រោងនានាដែលកំពុងបន្តអនុវត្ត ក្រោមការគាំទ្រពីធនាគារពិភពលោកនៅកម្ពុជា។ 

នាពេលបច្ចុប្បន្ននេះ, ធនាគារពិភពលោក បានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតលេីវិស័យសក្ដានុពលចំនួន ៥ រួមមាន៖ ១. វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម ២. វិស័យទេសចរណ៍ ៣. វិស័យកម្មន្តសាល ៤. វិស័យសុខាភិបាល និង ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងន័យនេះ, ធនាគារពិភពលោកនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដែលជាម៉ាស៊ីននៃកំណើនដ៏សំខាន់ ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។

លោក ក៏បានគោរពជម្រាបជូន សម្ដេចធិបតី ថា  «ធនាគារពិភពលោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត និងប្រកបដោយចីរភាព»។

ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។ 

ជាមួយគ្នានេះដែរ, សម្ដេចធិបតី បានបញ្ជាក់ជូន លោកអនុប្រធានធនាគារពិភពលោក អំពីការដាក់ចេញនូវគោលនយោបាយក្នុងការជំរុញនូវវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល សំដៅកសាងភាពធន់របស់កម្ពុជា ក្នុងនោះរួមមាន៖ ការកសាងមូលធនមនុស្ស, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យអប់រំ, វិស័យសុខាភិបាល, និងការពង្រឹងវិស័យហិរញ្ញវត្ថុ, ការទាក់ទាញការវិនិយោគ, ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍសមត្ថភាពផលិតកម្មសម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក ព្រមទាំងការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានទាក់ទាញ និងប្រកួតប្រជែង សំដៅធានាបាននូវភាពធន់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

To Top