ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃ ជំរុញឱ្យរួមគ្នាបង្កើនការផ្សព្វផ្សាយពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស

ភ្នំពេញ ៖  លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ណែនាំ និងជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។ 

សារជំរុញនិងណែនាំ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញមនុស្ស តាមវិធីសាស្រ្តគ្រប់ស្នៀត និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេសមានបាន ឬទៅរកការងារមានប្រាក់ខែខ្ពស់ជាដើម។ 

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់ថា គ្រប់គ្នាក្នុងសង្គម ត្រូវតែមានទំនួលខុសត្រូវរួមចំណែកដោះស្រាយបញ្ហានេះជាមួយរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងអាជ្ញាធរ។ 

បើតាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធគ្រប់មូលដ្ឋាន បានវាយលុក និងបង្ក្រាបសំបុកបទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណីបានជាច្រើនករណី ក្នុងនោះ បទល្មើសជួញដូរមនុស្សត្រូវបានបង្ក្រាប ទន្ទឹមគ្នានឹងប្រសិទ្ធភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសឆ្លងដែន រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

យោងតាមរបាយការណ៍ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ក្នុងឆ្នាំ២០២៥ បទល្មើសជួញដូរមនុស្ស ជាពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទ មានចំនួន ២៧២ករណី ក្នុងនោះ អំពើជួញដូរមនុស្ស មាន ១២៨ករណី ឃាត់ខ្លួនជនសង្ស័យ២០៩នាក់ មានជនរងគ្រោះ៦០៩នាក់ (អនីតិជនសរុប ៦០នាក់)៕

To Top