អគ្គីភ័យបានឆាបឆេះនៅស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ បន្ទាប់ពីការវាយប្រហារ
បាកដាដ៖ អគារនានានៅខាងក្នុងបរិវេណស្ថានទូតអាមេរិកក្នុងតំបន់បៃតងនៃទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ត្រូវបានឆាបឆេះ បន្ទាប់ពីស្ថានទូតត្រូវបានវាយប្រហារនៅព្រឹកថ្ងៃអង្គារនេះ។
ប្រភពមួយមកពីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានប្រាប់ស៊ីនហួរក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យន្តហោះគ្មានមនុស្សបើកពីរគ្រឿងបានវាយប្រហារនៅក្នុងបរិវេណស្ថានទូត ហើយការផ្ទុះជាបន្តបន្ទាប់បានបង្កឱ្យមានអគ្គីភ័យដែលអាចមើលឃើញពីខាងក្រៅអគារ។
ប្រភពដដែលបានឧ្យដឹងថា ស៊ីរ៉ែនត្រូវបានបន្លឺឡើងភ្លាមៗនៅទូទាំងទីតាំងក្នុងអំឡុងពេលវាយប្រហារ ខណៈដែលប្រព័ន្ធការពាររបស់ស្ថានទូតបានបរាជ័យក្នុងការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលចូលមក។
មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ ហើយអគ្គីភ័យដែលបណ្តាលមកពីការឆាបឆេះបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារទាំងនោះ។
គួរបញ្ជាក់ថា ស្ថានទូតត្រូវបានទទួលរងការវាយប្រហារជាច្រើនលើកច្រើនសារចាប់ពីល្ងាចថ្ងៃចន្ទរហូតដល់ព្រឹកព្រលឹមថ្ងៃអង្គារ។
តំបន់បៃតងនៅកណ្តាលទីក្រុងបាកដាដ ជាកន្លែងផ្ទុកអគាររដ្ឋាភិបាលអ៊ីរ៉ាក់ សភា និងបេសកកម្មបរទេសជាច្រើន រួមទាំងស្ថានទូតអាមេរិកផងដែរ។ តំបន់ដែលមានកំពែងរឹងមាំនេះ បានក្លាយជាគោលដៅនៃការបាញ់រ៉ុក្កែត និងកាំភ្លើងត្បាល់ជាញឹកញាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
