សម្តេចតេជោ ៖ ថ្ងៃនេះ ជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចសីហនុ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៥៦ឆ្នាំ (១៨មីនា១៩៧០-១៨មីនា២០២៦) នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្ត សីហនុ ព្រះបរមរតនកោដ្ឋពីសំណាក់ពួកលន់ នល់ ។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា ថ្ងៃនេះគឺជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួកលន់ នល់ ដែលជាមូលហេតុ នាំប្រទេសពីសន្តិភាព ទៅកាន់សង្គ្រាមទាំងស្រុង ។
សម្រាប់រូបភាពមួយសន្លឹកដែលសម្តេចតេជោ បានភ្ជាប់ជាមួយខ្លឹមសារអត្ថន័យនេះ សម្តេចតេជោមានប្រសាសន៍ថា រូបថតនេះអ្នកនិពន្ធបរទេសបានសរសេរថា សម្តេចជារដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុត របស់ពិភពលោក ដែលមានអាយុ២៦ឆ្នាំ មានរូបរាងស្គម និង ទម្ងន់ប្រមាណ៥០គីឡូក្រាមប៉ុណ្ណោះ ។ នៅពេលនោះ សម្តេចតេជោ បានជួបជាមួយគណៈប្រតិភូ ម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩។

សម្តេចតេជោ ក៏បានលើកឡើងពីសម្លៀកបំពាក់របស់សម្តេចមកបញ្ជាក់ថា ខោដោយខោ អាវដោយអាវ ដែលអាវរើសបានពីផ្ទះមួយកន្លែងនៅម្តុំផ្សារធំថ្មី ហើយយកមកពាក់ជាមួយខោដែលមានស្រាប់។ សម្តេចតេជោសង្កត់ធ្ងន់ថា គាប់ជួនថ្ងៃនោះ វ៉ែនតារបស់សម្តេចក៏ថែមទាំងបានជ្រុះកញ្ចក់មិនអាចពាក់បានទៀត ។
សម្តេចប្រធានព្រឹទ្ធសភាបន្ថែមថា សភាពការពេលនោះ ពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែទោះបីជាយ៉ាងណាសម្តេច មិនរត់ចោលប្រជាជននោះទេ ដោយបានប្រឹងងើបឈរឡើងដើម្បីរស់ និងការស្តា និងកសាងប្រទេសឡើងវិញ ទម្រាំមានសុខសន្តិភាព បានដូចសព្វថ្ងៃ។
សម្តេចតេជោក៏បានរំលឹកឡើងវិញថា នៅពេលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនទាន់ហៅសម្តេចថា ជាពុកនៅឡើយទេ បន្ទាប់ពីជួបគ្នាឡើងវិញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ដោយម៉ាណែតហៅសម្តេចត្រឹមតែ ជាពូ និងតែងបណ្តេញចេញ នៅពេលសម្តេចទៅជិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ៕
