រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងការពារដាច់ខាតគុណតម្លៃសន្តិភាព
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់ និងការពារដាច់ខាត នូវគុណតម្លៃនៃសន្តិភាព និងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ ការរក្សាស្ថិរភាពសង្គម ។
ក្នុងសារលិខិតអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តខិតខំដោះស្រាយបញ្ហា ប្រឈមនានា ដើម្បីសម្របខ្លួននិងឆ្លើយតបប្រកបដោយបុរេសកម្មឱ្យទាន់សភាពការណ៍សង្គម សេដ្ឋកិច្ចសកល និងតំបន់ ជាពិសេសចាប់ឱ្យជាប់នូវកាលានុវត្តភាពដែលអាចលេចចេញក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃនិម្មាបនកម្មសង្គម សេដ្ឋកិច្ចសកល។
សម្តេចធិបតីបន្តថា ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ គឹមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្តេចធិបតីមានប្រសាសន៍ទៀតថា ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម ។ ដោយរាជរដ្ឋាភិបាល មានចក្ខុវិស័យច្បាស់លាស់ និងអនុវត្តយ៉ាងពេញលេញក្នុងការលើកកម្ពស់សិទ្ធិ និងការពារឧត្តមប្រយោជន៍ របស់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ គឺធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ៕
