ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាត ឯកអគ្គរដ្ឋទូតរវ៉ាន់ដា ជួបពិភាក្សាការងារ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជាតិទាំងពីរ
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Bakuramutsa NKBITO MANZI ឯកអគ្គរដ្ឋទូតរវ៉ាន់ដា ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជា កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជាតិទាំងពីរ។
លោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយក្តីសោមនស្សអំពីចំណុចដូចគ្នាជាច្រើនរវាងកម្ពុជា និងរវ៉ាន់ដា ជាពិសេសលើទិដ្ឋភាពប្រវត្តិសាស្ត្រនៃការកសាងជាតិឡើងវិញ ចេញពីចំណុចសូន្យរហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឈរលើមូលដ្ឋាននេះ ភាគីរវ៉ាន់ដា បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងការដោះដូរទំនិញឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។
ក្នុងជំនួបពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីផែនការសកម្មភាពរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ឆ្នាំ២០២៦ ក្នុងការបន្តបេសកកម្មគោះទ្វារវិនិយោគនៅក្រៅប្រទេស។ លោក បានបញ្ជាក់ថា តំបន់អាហ្វ្រិក ជាពិសេសប្រទេសរវ៉ាន់ដា គឺជាគោលដៅមួយក្នុងយុទ្ធសាស្ត្រទាក់ទាញវិនិយោគិន និងការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ។ នេះគឺជាសញ្ញាណវិជ្ជមានក្នុងការបើកច្រកសេដ្ឋកិច្ចរវាងអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងកើត តាមរយៈច្រកទ្វារកម្ពុជា-រវ៉ាន់ដា។
ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលលើកទី២០ នៃប្រទេសនិយាយភាសាបារាំង (20th Francophonie Summit ) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងនាមជាសមាជិកដ៏សកម្មនៃគ្រួសារហ្វ្រង់កូហ្វូនីដូចគ្នា ជំនួបនាព្រឹកនេះក៏ជាការត្រៀមលក្ខណៈសម្របសម្រួល ដើម្បីឱ្យការចូលរួមរបស់ភាគីរវ៉ាន់ដា ក្នុងកិច្ចប្រជុំកំពូលនេះ ក្លាយជាកាតាលីករក្នុងការជំរុញទំនាក់ទំនងការទូត និងសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។
ជាទីបញ្ចប់ ភាគីទាំងពីរ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយស្មារតីនៃជំនួបពិភាក្សានេះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចរវាងវិស័យឯកជន និងឯកជន ដើម្បីធានាថាទំនាក់ទំនងកម្ពុជា-រវ៉ាន់ដា នឹងផ្តល់នូវផលប្រយោជន៍ជាអតិបរមាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

