ធនាគារពិភពលោក ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជា
ភ្នំពេញ ៖ ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជា ក្នុងការកែលម្អគោលនយោបាយ និងសមត្ថភាពស្ថាប័ន និងគាំទ្រដល់កម្ពុជា។
នេះជាការលើកឡើងរបស់ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងជំនួបពិភាក្សាការជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៦ មីនា។
ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទិសដៅការងារក្នុងវិស័យអាទិភាព មានជាអាទិ៍៖ វិស័យអភិវឌ្ឍន៍ជំនាញ និងអប់រំ, វិស័យដឹកជញ្ជូន, និងវិស័យអាទិភាពផ្សេងៗទៀត ដែលធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងដើម្បីអាចទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមពីតម្រូវការចាំបាច់ ក្នុងការចាត់វិធានការឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព តាមរយៈការបណ្តុះបណ្តាលជំនាញ ក៏ដូចជាធនធានហិរញ្ញវត្ថុសមស្រប (Access to finance) គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) សហគ្រាសធុនមីក្រូ និងមធ្យម (MSMEs) និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ, បង្កើតសហគ្រាសក្នុងមូលដ្ឋាន ដែលបង្កលក្ខណៈឲ្យប្រជាពលរដ្ឋអាចបង្កើតការងារ និងមុខរបរអាជីវកម្មដោយខ្លួនឯង ដើម្បីស្រូបយកកម្លាំងពលកម្មយុវជន និងកម្លាំងពលកម្មដែលវិលត្រឡប់មកវិញពីប្រទេសថៃ ។
លោក Carlos Felipe Jaramillo បានសម្តែងនូវការគាំទ្រ ចំពោះការដាក់ចេញនូវវិធានការទាំងនេះ និងបានគូសបញ្ជាក់ថា «ធនាគារពិភពលោកបានត្រៀមខ្លួនរួច ជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជាក្នុងការកែលម្អគោលនយោបាយ និងសមត្ថភាពស្ថាប័ន និងគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍលើរាល់ការដ្ឋានការងារអាទិភាព ដែលជាកត្តាចាំបាច់សម្រាប់ឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវសារៈសំខាន់ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការបង្កើតការងារ និងការលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋកម្ពុជា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអនុវត្តគម្រោង និងវិធានការអាទិភាពឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព និងបានជូនពរ អនុប្រធានធនាគារពិភពលោក និងសហការី ឱ្យទទួលបានជោគជ័យថ្មីជាបន្តបន្ទាប់ទៀត៕



