លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តដាក់បទបញ្ជាឲ្យកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយ ដើម្បីសហគមន៍គ្មានគ្រឿងញៀន ក្មេងទំនើង និងលេខ Hotline1292 នៅភូមិសាស្ត្រស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងលោកវរសេនីយ៍ទោ នៅ ម៉ានីន បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)ក្មេងទំនើង និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 នៅវិទ្យាល័យ បណ្ឌិត ឡុង សៀម ស្ថិតនៅក្នុងភូមិត្រពាំងស្ដុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងការចុះផ្សព្វផ្សាយនេះផងដែរ មានអញ្ជើញចូលរួមសហការពី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយ លោកវរសេនីយ៍ត្រី សេន ទូច មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមស្តាប់ការអប់រំផ្សព្វផ្សាយ ចំនួន២៥៩នាក់(ក្នុងនោះមានសិស្សស្រីចំនួន១៤៣នាក់)ផងដែរ។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកវរសេនីយ៍ទោ ណុល ដារ៉ា និងក្រុមការងារចូលរួមទាំងអស់ ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូចំនួន ព្រមទាំងសិស្សានុសិស្សទាំងអស់ គោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា និងបានផ្សព្វផ្សាយពន្យល់ប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើង ជាពិសេសផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបានពន្យល់ណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ(២៤ម៉ោងលើ២៤ម៉ោង)។
ប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យុវជនទាំងអស់ត្រូវតែជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងរៀនសូត្រដើម្បីបន្តពង្រឹងសមត្ថភាពខ្លួនឯងឱ្យប្រែក្លាយជាធនធានប្រកបដោយសក្ដានុពលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ៕






