ព័ត៌មានជាតិ

ក្រសួងការងារ ជំរុញយុទ្ធនាការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ កម្មករនិយោជិតវ័យក្មេង

ក្រចេះ ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការ ផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង» នៅក្នុងទីតាំងចម្ការកៅស៊ូ នៃក្រុមហ៊ុន ស្វីហ្វ រីសសស៍ (ខេមបូឌា) ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។

យុទ្ធនាការផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) និងគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី ខេត្តទាំង២៥, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងរដ្ឋបាលរាជធានី-ខេត្ត ស្រុក ឃុំ, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត, សមាគមនិយោជក, សហជីព, ម្ចាស់សហគ្រាសក្នុងវិស័យកសិ-ឧស្សាហកម្ម និងសិប្បកម្មផលិតឥដ្ឋក្នុងខេត្តក្រចេះ, ឪពុកម្តាយ អាណាព្យាបាល, លោកគ្រូ អ្នកគ្រូ និងកុមារ សរុបប្រមាណ៥០០នាក់។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយនេះមានគោលបំណង (១) លើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងភាគីពាក់ព័ន្ធ ជាពិសេស ឪពុកម្តាយ អាណាព្យាបាល និយោជក និងសហគមន៍អំពីហានិភ័យនិងផលប៉ះពាល់នៃពលកម្មកុមារនៅក្នុងវិស័យអាទិភាព សិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម (២) ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់តាមរយៈយន្តការអធិការកិច្ចការងារក្នុងការលើកកម្ពស់លក្ខខណ្ឌការងារកម្មករនិយោជិតវ័យក្មេង (៣) បង្កើនកិច្ចសហការរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការគាំទ្រគ្រួសារនិងកុមារឱ្យទទួលបានការអប់រំ បំណិនជីវិត ការបណ្តុះបណ្តាលជំនាញ និងឱកាសទទួលបានមុខរបរនិងការងារដើម្បីលើកកម្ពស់ជីវភាពរស់នៅ និង (៤) ជំរុញការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ ILO ក្នុងការបញ្ចប់ពលកម្មកុមារ។

លោកស្រីក៏បានអំពាវនាវឱ្យបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងបន្តលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង ជាពិសេស នៅក្នុងវិស័យដែលបម្រើឲ្យការនាំចេញ រួមទាំងវិស័យកសិ-ឧស្សាហកម្ម និងសិប្បកម្មផលិតឥដ្ឋ-ក្បឿង សំដៅរក្សាកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាប្រទេសដែលគោរពសិទ្ធិការងារនិងលក្ខខណ្ឌការងារ។

ទន្ទឹមនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានលើកទឹកចិត្តឱ្យសាធារណជនដែលមានបំណងស្វែងរកការងារ ឬចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ឬរាយការណ៍រាល់ករណីសង្ស័យអំពីការប្រើប្រាស់ពលកម្មកុមារ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ១២៩៧ ឬ ១២៨៦ ដើម្បីក្រសួងអាចចាត់វិធានការបានទាន់ពេលវេលា។

ជាទីបញ្ចប់ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី ខេត្តនឹងចូលរួមយ៉ាងសកម្មជំរុញយុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង ឆ្នាំ២០២៦ ប្រកបដោយលទ្ធផលជាផ្លែផ្កាដូចការរំពឹងទុក៕

To Top