អាជ្ញាធរខេត្តកណ្ដាល ណែនាំពលរដ្ឋត្រូវប្រុងប្រយ័ត្នការជួលអគារ ឬកន្លែងស្នាក់នៅផ្សេងៗដល់ជនបរទេស ជៀសវាងការផាកពិន័យ
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ចំពោះការជួលអគារ ផ្ទះ ឬកន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ត្រូវពិនិត្យឯកសារនានា និងធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការផាកពិន័យ។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹង ចំនួន ១២,៤២៥បណ្ណ ជូនប្រជាពលរដ្ឋចំនួន ១២ភូមិ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ នៅថ្ងៃទី១៨ មីនា លោក គួច ចំរើន បានធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា Scam online។

លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងការផាកពិន័យ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា»។

បញ្ហាជួញដូរមនុស្ស លោក អភិបាលខេត្ត បានអំពាវនាវដល់ឪពុក ម្ដាយ អ្នកអាណាព្យាបាលទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលនៃការបោកប្រាស់ ការលួងលោមគ្រប់រូបភាពពីជនឧក្រិដ្ឋ មានបំណងក្នុងការឆបោកជួញដូរមនុស្ស ករណីសង្ស័យត្រូវពិគ្រោះ និងសហការជាមួយអាជ្ញាធរ សមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជួយអន្តរាគមន៍ កុំបណ្ដោយឱ្យកូនចៅរបស់ខ្លួណរងគ្រោះដោយការឆបោក៕
