ព័ត៌មានជាតិ

សម្តេចតេជោ សង្កត់ធ្ងន់លើមុខព្រួញ ទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយស្លូវ៉ាគី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ទៅលើមុខព្រួញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាមួយភាគីស្លូវ៉ាគី ។

ការមានប្រសាសន៍សង្កត់ធ្ងន់របស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ក្នុងឱកាសនៃការអនុញ្ញាតឱ្យលោកអេឡិចសិនដឺ មីខូវស៊ិន ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង នៅថ្ងៃទី១៩ មីនា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា លោកទូតបានជម្រាប សម្ដេចតេជោថា បេសកកម្មរបស់លោកនៅពេលនេះ គឺមានភារកិច្ចក្នុងការលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគីដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោក អេឡិចសិនដឺ មីខូវស៊ិន បានសង្កត់ធ្ងន់លើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច និងការវិនិយោគដែលជាចំណុចស្នូលដែលលោកទូតចង់ពង្រីកក្នុងអាណត្តិរបស់លោកផ្ទាល់តែម្តង ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោបានគាំទ្រចំពោះការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកចំណុចទាំងនេះ ជាចំណុចស្នូលនៃទំនាក់ទំនងក្រៅពីការទូត និងនយោបាយ ។

ជាមួយគ្នានេះ សម្ដេចតេជោបានកោតសរសើរចំពោះក្រសួងការបរទេសនៃប្រទេសទាំងពីរដែលរដ្ឋាភិបាលតែងតែជជែកគ្នា អំពីការគាំទ្រគ្នាក្នុងឆាកអន្តរជាតិ និងលើវេទិកាអន្តរជាតិរវាងកម្ពុជា និងស្លូវ៉ាគី៕

To Top