កម្លាំងនគបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប តែងតែចុះអនុវត្តន៍ច្បាប់ចរាចរណ៍ មិនខ្លាចនឿយហត់ឡើយ
ខេត្តសៀមរាប៖ មួយរយៈចុងក្រោយនេះកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចំណុះផែនការងារសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះធ្វើការងាររឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប រួមទាំងធ្វើការផ្សព្វផ្សាយអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជូនទៅដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរនៅតាមដងផ្លូវ។
គួររំលឹកផងដែរថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប តែងតែចុះអនុវត្តជារឿយៗ តាមបណ្ដាលគោលដៅសំខាន់ៗ និងទីតាំងភូមិសាស្ត្រដែលតែងតែកើតមានឡើងគ្រោះថ្នាក់ជាជាញឹកញាប់។
បើតាមការឲ្យដឹងពីលោក វរៈសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ តាមបទសម្ភាសន៍ខ្លីបានប្រាប់ភ្នាក់ងារដើមអម្ពិលថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សព្វថ្ងៃនេះកម្លាំងរបស់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺបានការយកចិត្តទុកដាក់ខ្លាំងក្នុងការចុះអនុវត្តស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកទៅលើអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ ដោយពុំខ្លាចការនឿយហត់ឡើយ យើងដឹងហើយថាករណីគ្រោះថ្នាក់ចរាចរណ៍គឺជាកត្តាសំខាន់ដែលមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺចាប់ផ្ដើមពីអ្នកប្រើប្រាស់យានយន្តទាំងអស់គ្នា ក្នុងការបើកបរត្រូវមានការប្រុងប្រយ័ត្ន ចេះយោគយល់អធ្យាស្រ័យគ្នា នឹងគោរពទៅលើស្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញា នឹងការប្រើប្រាស់ល្បឿនគឺជាកត្តាសំខាន់របស់អ្នកប្រើប្រាស់យានយន្ត។
ជាចុងក្រោយលោក បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលរស់នៅនឹងមកលេងក្នុងខេត្តទេសចរណ៍មួយនេះសូមចូលរួមអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯងនិងអ្នកដទៃផងដែរ៕
ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល





