ព័ត៌មានជាតិ

អាជ្ញាធរមីន ៖ កិច្ចសង្រ្គោះជនរងគ្រោះ មិនត្រូវផ្តោត​លើតែការឧបត្ថម្ភគាំទ្រប៉ុណ្ណោះទេ ត្រូវគិតគូរដល់ការស្តារឡើងវិញ នូវសេចក្តីថ្លៃថ្នូរ ការផ្តល់ឱកាស និងក្តីសង្ឃឹម

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កិច្ចសង្រ្គោះជនរងគ្រោះ មិនត្រូវផ្តោតលើតែការឧបត្ថម្ភគាំទ្រប៉ុណ្ណោះទេ ត្រូវគិតគូរដល់ការស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ ការផ្តល់ឱកាស និងក្តីសង្ឃឹម។

ការថ្លែងបែបនេះ ក្នុងឱកាសដែល លោកទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Humanity & Inclusion (HI) ស្តីពីភាពជាដៃគូកិច្ចសង្រ្គោះរងគ្រោះ និងសកម្មភាពមីននៅកម្ពុជា ប្រព្រឹត្តិទៅនៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ និងត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Rajib Dakua នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusion ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក បានបន្តលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននឹងកំពុងពង្រឹងបន្ថែមលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងប្តេជ្ញាចិត្តថា មិនទុកឱ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់បន្តរងគ្រោះ និងមិនបានយកចិត្តទុកដាក់ឡើយ។ ជាមួយនឹងឆន្ទៈយ៉ាងមុតមាំនេះ បច្ចុប្បន្នេះ កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រាប់មីន ទៅជាប្រទេសមួយដែលត្រូវបានទទួលស្គាល់ជាសកលសម្រាប់វឌ្ឍនភាពក្នុងសកម្មភាពមីនមនុស្សធម៌។

ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់អង្គការ HI ចំពោះភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា ដែលបានចាប់ផ្តើមក្នុងខណៈពេលដែលកម្ពុជាកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ជនមានពិការភាព និងជនងាយរងគ្រោះនៅកម្ពុជា តាមរយៈការផ្តល់សេវាស្តារនីតិសម្បទា កម្មវិធីរួមបញ្ចូលសង្គម និងការគាំទ្រតាមសហគមន៍ ជាដើម។

ជាមួយគ្នានោះ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចុះអនុស្សារណៈនេះ ដែលពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីនមនុស្សធម៌ និងជំនួយជនរងគ្រោះនៅកម្ពុជា ក៏ដូចជាគាំទ្រដល់ការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការបច្ចេកទេស៕

To Top