ព័ត៌មានជាតិ

លោក ឌិត ទីណា ៖ ត្រូវធ្វើយ៉ាងណាឱ្យឆ្នាំ២០២៦ ក្លាយជាឆ្នាំប្រមូលផល

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានផ្តល់អនុសាសន៍ដល់មន្រ្តីក្រោមឱវាទក្រសួងទាំងអស់ថា ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឱ្យឆ្នាំ២០២៦នេះ ក្លាយជាឆ្នាំប្រមូលផល ស្របតាមទស្សនទាន “មានហូប មានប្រើ មានបាន និងមានរហូត”។
នេះជាប្រសាសន៍របស់លោក ឌិត ទីណាក្នុងសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។ លោក ឌិត ទីណា ថ្លែងទៅកាន់អង្គពិធីពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការរក្សាស្ថិរភាពថ្លៃ ការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលការវិនិយោគដ៏ធំ និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ក្នុងគោលដៅបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាព និងទទួលបានផលចំណេញសេដ្ឋកិច្ច ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីកសិកម្ម បានលើកឡើងពីការធ្វើកំណែទម្រង់ស៊ីជម្រៅរដ្ឋបាលសាធារណៈ ដែលបានគិតគូរយ៉ាងល្អិតល្អន់ក្នុងការវិភាគមុខងារ សកម្មភាព និងបេសកកម្ម ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ និងបានបើកផ្លូវឱ្យមានការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម នៃក្រសួងកសិកម្ម ដើម្បីប្រមូលផ្តុំធនធានមនុស្សមានទេពកោសល្យ និងសមត្ថភាពស្រាវជ្រាវ-អភិវឌ្ឍន៍ឱ្យស្ថិតក្រោមដំបូលតែមួយ ជំរុញការងារពិសោធន៍ និងស្រាវជ្រាវ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អង្គពិធី ចូលរួមគិតគូរយកចិត្តទុកដាក់ ផ្តល់នូវធាតុចូលល្អៗបន្ថែមទៀត ជាមួយនឹងបទពិសោធន៍ដែលទទួលបានពីឆ្នាំ២០២៥ ដើម្បីឱ្យឆ្នាំ២០២៦ ក្លាយជាឆ្នាំដែលប្រមូលផល និងឃើញលទ្ធផលជាក់ស្តែងពីកំណែទម្រង់នានា ស្របតាមទស្សនទាន “មានហូប មានប្រើ មានបាន និងមានរហូត”៕

To Top