លោក ឱម យ៉ិនទៀង ៖ ACU មានផែនការយុទ្ធសាស្រ្ត ៣មុខព្រួញ ប្រឆាំងអំពើពុករលួយ
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានបង្ហាញពីគម្រោងផែនការ យុទ្ធសាស្រ្ត៣មុខព្រួញ ដើម្បីប្រយុទ្ធប្រឆាំង អំពើពុករលួយនៅកម្ពុជា ។

ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ឱម យ៉ិនទៀង បានថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយ មានផែនការជាយុទ្ធសាស្រ្ត ៣មុខព្រួញ គឺ១)-ការអប់រំ , ២- ការបង្ការទប់ស្កាត់ និង៣- ការបង្រ្កាបបទល្មើសពុករលួយ ស្របនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺធ្វើឱ្យម្នាក់ៗប្រកាន់យកផ្នត់គំនិត មិនចង់ មិនអាច និងមិនហ៊ានពុករលួយ»។
លោកបន្តថា “អីចឹងវិធានការអប់រំ វិធានការទប់ស្កាត់ សំខាន់ណាស់ដើរតួនាទី៨០% នៃការងាររបស់អង្គភាព ប្រឆាំងអំពើពុករលួយ មិនមែនការងារអប់រំ និងទប់ស្កាត់ពុករលួយជាការងារតូចតាចទេ ។ ពាក់ព័ន្ធអប់រំចែកចេញជា២មណ្ឌល ។ មណ្ឌល-សាលារៀន ពីថ្នាក់បឋមដល់វិទ្យាល័យ តើការអប់រំមិនឱ្យគេប្រព្រឹត្ត អំពើពុករលួយយើងត្រូវយ៉ាងម៉េច” ។

ដើម្បីអប់រំមិនឱ្យបុគ្គលម្នាក់ៗ ប្រព្រឹត្តអំពើពុករលួយនោះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា បានសហការជាមួយក្រសួងអប់រំ ក្នុងការបោះពុម្ពចេញជាសៀវភៅ ដើម្បីធ្វើជាមេរៀនតែម្តង ។
មិនតែប៉ុណ្ណោះ លោកបញ្ជាក់ថា តាំងពីយុទ្ធសាស្ត្រត្រីកោណ ចតុកោណ មកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តវរភាពគំរូរបស់សម្តេចតេជោ ហ៊ុន សែន ដោយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្តោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ៕

