ជប៉ុន ផ្ដល់ជំនួយ ២៣លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់គម្រោង ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតក្នុងក្រុងតាខ្មៅ
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន សម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាក្នុងលិខិតប្តូរសារថ្មីនេះ ទំហំទឹកប្រាក់ នៃជំនួយសម្រាប់គម្រោងខាងលើ ដែលបានចុះហត្ថលេខាលើកដំបូងកាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នឹងកើនពី ៣.៤២១ លានយ៉េន (ប្រមាណ ២២លានដុល្លារអាម៉េរិក) ទៅ ៣.៥៦៨ លានយ៉េន (ប្រមាណ ២៣លានដុល្លារអាម៉េរិក)។
សូមបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោម ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕
