ព័ត៌មានជាតិ

លោក ឃួន ផុនរតនៈ ៖ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស នៅតំបន់ក្វាងជូធំ តែងតែយកចិត្តទុកដាក់ លើពលករខ្មែរ

ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំសហការី ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ លោកស្រី ជូ អ៊ឺនផ្យ៉ូ(Joo Eun-pyo) ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងវប្បធម៌អាស៊ី នៅតំបន់ក្វាងជូធំ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស របស់កូរ៉េនេះ តែងតែយកចិត្តទុកដាក់ ក្នុងការផ្ដល់សេវាប្រឹក្សា ដោះស្រាយបញ្ហា ចំពោះពលករ និងប្រជាពលរដ្ឋកម្ពុជាកន្លងមក។

សម្រាប់លោកស្រី ជូ អ៊ឺនផ្យ៉ូ ក៏បានកោតសរសើរ ចំពោះទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ក្នុងការខិតខំប្រឹងប្រែង ព្យាយាមធ្វើការ ជាពិសេសការងារស្ម័គ្រចិត្ត ជួយដល់សង្គម ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ។ លោកស្រីថា នេះជាមូលហេតុចម្បង ដែលបណ្ដាលធ្វើឱ្យលោកស្រីមានចិត្ត ក្នុងការជួយជ្រោមជ្រែងប្រជាពលរដ្ឋកម្ពុជា រហូតដល់ពេលបច្ចុប្បន្ន ។

បន្ថែមពីនេះ ស្ថានទូតឯកអគ្គរាជទូតកម្ពុជា និងមជ្ឈមណ្ឌល បានបង្ហាញជំហររួមគ្នា ក្នុងការសហការគ្នាក្នុងពេលខាងមុខ ក្នុងការផ្ដល់សេវាសាធារណៈ ការពិនិត្យសុខភាព ដោយឥតគិតថ្លៃ ឬកម្មវិធីវប្បធម៌ក្នុងទ្រង់ទ្រាយណាមួយ ក្នុងគោលបំណងផ្ដល់ផលប្រយោជន៍ ក៏ដូចសុខុមាលភាព ជូនដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់ក្វាងជូធំ និងតំបន់ជុំវិញ៕

To Top