ព័ត៌មានជាតិ

ព្រឹត្តិការណ៍គុនខ្មែរ នឹងអង្រួនចិត្តពលករ និងស​ហគ​មន៍​ខ្មែរ ដែលជាអ្នកគាំទ្រ​ នៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ ព្រឹត្តិការណ៍គុនខ្មែរ និងការសម្តែង​សិល្បៈ​ដ៏ធំនៅសា​ធារណរដ្ឋកូរ៉េ នឹងរៀបចំ​នៅថ្ងៃ​អាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់​ភាពរីក​រាយ​ជូន​ដល់ប្រជាពលករ និង​សហគមន៍​ខ្មែរឱ្យ​សប្បាយ​រីក​រាយ និងលើកកម្ពស់​ការគាំទ្រ​វិស័យកីឡា​ប្រដាល់​គុនខ្មែរ​ កាន់​តែខ្លាំងនៅតំបន់ហ្វាសង់ មហាវិទ្យាល័យ​វិទ្យា​សាស្ត្រ​ស៊ូវ៉ុន(SUNWON SCIENCE COLLEGE SINTEX)។

ព្រឹត្តិការណ៍នេះ ផ្ដួចផ្ដើមរៀបចំដោយក្រុមហ៊ុនស្រាបៀ GANZBERG, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, ស្ថានីយ​ទូរ​ទស្សន៍បាយ័ន និងក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ គ្រោងផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News ពី​ប្រទេ​សកូរ៉េ មក​កាន់កម្ពុជាវេលាម៉ោង ១រសៀល​(ម៉ោង​នៅ​កូរ៉េ) ត្រូវ​នឹង​ម៉ោង​១១ ថ្ងៃត្រង់​ម៉ោង​នៅប្រ​ទេស​កម្ពុជា។

លោក ស៊ីថូ ណាថាន់ អ្នកអត្ថាធិប្បាយ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​នៅសាធារណរដ្ឋកូរ៉េបាននិយាយថា ក្រុម​ការងា​រនឹង​ដឹក​នាំកីឡាករ​ល្បីៗពីកម្ពុជា​ទៅប្រកួតនៅ​សាធារ​ណរដ្ឋ​កូរ៉េ​រួម​មាន កីឡាករពេជ្រ សម្បត្តិ, ប៊ឺត សង្ឃឹម, មឿន សុខ​ហ៊ុច និងកីឡាករ ខាំ នាគរាជ ដែលនឹងចូលរួម​ប្រកួត​ជាមួយ​កីឡាករអន្តរជាតិល្បីៗជាច្រើនរូបទៀត។

លោកបន្តថា សម្រាប់កីឡា​ករបរ​ទេស​​ចម្រុះ​ជាតិ​​សាសន៍​ដែល​គ្រោងនឹង​​ចាប់គូជាមួយ​កីឡាករកម្ពុជា​មកពី​ប្រទេ​ស​ចិន, ជប៉ុន, វៀតណាម និងកីឡាករកូរ៉េ ដែល​ពួក​គាត់​សុទ្ធ​ជាកីឡាករល្បីៗប្រចាំតំបន់ស្រុករបស់ពួកគាត់។ នៅ​ពេល​មានវត្តមានកីឡាករល្បីៗបែបនេះ គឺបងប្អូន​នៅសា​ធារ​ណ​រដ្ឋកូរ៉េ កំពុងរង់ចាំដោយអន្ទះសារ និងចង់​ស្រែក​ហោរ​កញ្ជ្រៀវយ៉ាងខ្លាំង។

អ្នកអត្ថាធិប្បាយរូបនេះបញ្ជាក់ថា៖«ក្នុងនាមខ្ញុំជាអ្នកអត្ថាធិ​ប្បាយ​កម្មវិធីកីឡារ​មួយ​រូប ខ្ញុំ​សង្កេត​ឃើញ​ថា ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ តែងតែ​យក​ចិត្តទុក​ដាក់​ទៅលើ​បងប្អូនពលករ​នៅកូរ៉េ​បង្កើត​ឱ្យ​មាន​កម្មវិធី​សប្បា​យៗ​ជាច្រើន ជាពិសេសសហកា​រក្នុងបេស​សកម្ម​នេះ ហើយខ្ញុំក៏មាន​ឱកាស​បានស្គាល់​បងប្អូនខ្មែរ​នៅ​កូរ៉េ​ដែ​រ​។ ខ្ញុំសង្ឃឹម​ថា បងប្អូននឹងអញ្ជើញ​មកទស្សនា​កម្សាន្ត​សប្បាយ​កា​ន់តែច្រើនថែមទៀត ដើម្បីគាំទ្រ​វិស័យ​កីឡារ​ប្រដាល់​​របស់​យើង»។

សូមបញ្ជាក់ថា បច្ចុប្បន្នសហគមន៍ខ្មែរ ពលករ និង​និ​ស្សិ​ត​​ខ្មែរ មានប្រមាណ​ជាង ១០ម៉ឺននាក់​ដែល​កំពុង​ស្នាក់​នៅ ធ្វើ​​ការងារ និងសិក្សានៅសាធារណរដ្ឋកូរ៉េ (កូរ៉េ​ខាង​ត្បូង​)​៕

To Top