ប្រេងឡើងថ្លៃ! នាយករដ្ឋមន្រ្តី ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរក លទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់បងប្អូនកម្មករ និយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត។
តាមរយៈសំណេរនៅលើបណ្ដាញហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី បានសរសេរយ៉ាងដូច្នេះថា «ដើម្បីពិនិត្យដោះស្រាយផលវិបាក ដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរក លទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់បងប្អូនកម្មករ និយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត»។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី សង្ឃឹមថា ភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃ ធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាព ប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើងផង៕
