លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីទី០១ លើកទិសដៅការងារត្រីទី០២ និងបូកសរុបលទ្ធផលការងារប្រចាំខែមីនា លើកទិសដៅការងារបន្តសម្រាប់ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរgការិយាល័យ,មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង ចូលរួមផងដែរ។
ក្រោយពីកិច្ចប្រជុំដំណើរការ និងបានស្តាប់នូវការអានរបាយការណ៍រួចមក នាយទាហាន នាយទាហានរង ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយ និងរកវិធីកែសម្រួល ដើម្បីឲ្យការងារក្នុងអង្គភាពកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ក្រោយស្តាប់នូវការលើកឡើងរួច លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយនូវបញ្ហាប្រឈមទាំងនោះជាបន្តបន្ទាប់ ដោយការងារខ្លះប្រគល់ឲ្យជំនាញពាក់ពន្ធ័ធ្វើការដោះស្រាយជូនតាមការលើកឡើង។
ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានកោតសរសើចំពោះកម្លាំងក្នុងមន្ទីរនិងកម្លាំងតាមបណ្តាមូលដ្ឋានក្រុងស្រុកទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងស្រស្រាក់ស្រស្រាំ មិនខ្លាចនឿយហត់ មិនថាយប់មិនថាថ្ងៃឡើយ។បន្ទាប់ពីបានដាក់ឲ្យតំណើរការនូវលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់(Hotline 1292)មក កម្លាំងយើងទាំងអស់មានការហត់នឿយ និងរវល់ច្រើន តែទោះបីយ៉ាងណាក៏ដោយក៏នៅតែអាចធ្វើបាន ត្រង់ចំនុចនេះដែរក្នុងនាមជា មេបញ្ជាការ សូមសរសើរ នូវភាពអត់ធ្មត់ និងការលៈបង់ របស់នាយទាហាន នាយទាហានរងទាំងអស់។
ដោយពិតជាទទួលស្គាល់ថា មានភាពនឿយហត់ តែកម្លាំង របស់យើងអាចធ្វើបាន ដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្កំពង់ស្ពឺ។ហើយកម្លាំងអាវុធហត្ថទាំងអស់ ជាពិសេសមន្ទីរជំនាញនិងកម្លាំងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក និងអង្គភាពពាក់ពន្ធ័ត្រូវតែបន្តចុះអនុវត្តនូវបទបញ្ជា និងបន្តចុះផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់(Hotline 1292)បន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែជ្រូតជ្រាបជាព័ត៌មានឲ្យបានច្រើន និងកាន់តែទូលំទូលាយថែមទៀតផងដែរ។
តាមប្រសាសន៍ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់ចេញនូវបទបញ្ចាដោយសង្កត់ធ្ងន់ ឲ្យកម្លាំងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខទាំងអស់ ត្រូវតែបន្តការងារល្បាតពេលយប់ក្នុងភូមិសាស្រ្តរបស់ខ្លួនជាប្រចាំបន្ថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ នូវរាល់បទល្មើស ទាំងឡាយណាដែលអាចកើតមានជាយថាហេតុក្នុងភូមិសាស្រ្តដែលខ្លួន។
ចំពោះនាយទាហាន នាយទាហានរង ទាំងអស់ពេលចេញបេសកកម្ម ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ បើកឡានត្រូវពាក់ខ្សែក្រវ៉ាត ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព មិនត្រូវទទួលទានគ្រឿងស្រវឹងទាំងក្នុងសម្លៀកបំពាក់ជាឯកសណ្ឋាននោះទេ មិនត្រូវផុសបង្ហោះបញ្ជេញអារម្មរណ៍ និងបញ្ហាផ្ទាល់ខ្លួន ដែលធ្វើប៉ះពាល់ដល់អង្គភាព និងស្ថាបណ្ណ័ឡើយ ជាពិសេសត្រូវចាក់ឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអនឡាញ(Online Scams)។ហើយគប្បីត្រូវចេះគោរពស្រលាញ់ យោគយល់អាព្យាស្រ័យឲ្យគ្នាទៅវិញទៅមក ត្រូវមានសាមគ្គីភាពល្អក្នុងអង្គភាព ជួយគ្នាទៅវិញទៅមកក្នុងនាមអង្គភាពតែមួយដើម្បីអង្គភាពទាំងអស់គ្នា។
មុននឹងបញ្ជប់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក ដែលថ្នាក់លើដាក់បានឲ្យ ទាំងនេះជាការទទួលខុសត្រូវ ក្នុងនាមយើងពាក់ឯកសណ្ឋាននេះ ដោយស្របតាមទិសស្លោករបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស(រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ) និងជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏ សូមជូនពរដល់ នាយទាហាន នាយទាហានរងទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចជានិរន្តរ៍ផងដែរ៕





