ព័ត៌មានជាតិ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ សម្រេចបានលទ្ធផលជិត ៩០%ហើយ

ភ្នំពេញ ៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ចាប់ពីស្គន់ដល់ក្រុងកំពង់ចាម ជាបួនគន្លង សម្រេចលទ្ធផលការងារ បានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ។

បើតាមការផ្សព្វផ្សាយក្នុងបណ្តាញតេឡេក្រាម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិ លេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ ។

បច្ចុប្បន្នក្រុមការងារសាងសង់ កំពុងដំណើរការ យ៉ាងរលូន និងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបញ្ចប់គម្រោង ឱ្យបានលឿននៅក្នុងឆ្នាំ២០២៦នេះ និងមុនការគ្រោងទុក ព្រោះថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិនានាផងដែរ ៕

To Top