ស្ពានមិត្តភាពកម្ពុជា-ចិន «មេគង្គក្រចេះ» បានបើកឲ្យពលរដ្ឋឆ្លងកាត់ ជាអចិន្ត្រៃយ៍ ពីថ្ងៃទី១ មេសា តទៅ
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដូចការគ្រោងទុក «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» បានបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់ជាអចិន្ត្រៃយ៍ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះហើយ។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និង ការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយ ដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជន តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នា ជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀត។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ជួយលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេស ការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការ តភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសាន បានកាន់តែងាយស្រួលបន្ថែមទៀត៕
សូមអរគុណ

