ព័ត៌មានជាតិ

រដ្ឋមន្រ្តីយុត្តិធម៌ ចាត់តាំងមេធាវីស្ម័គ្រចិត្ត ធ្វើជាមេធាវីការពារក្តី ជូនក្រុមគ្រួសារសពទាំង៦រូប

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានចាត់តាំងមេធាវីការស្ម័គ្រ ចុះជួយការពារក្តីឱ្យក្រុមគ្រួសារសព ទាំង៦រូប ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយកូនប្រុសស្នងការរង ខេត្តបន្ទាយមានជ័យ ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌បានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ថា ដោយមានការយកចិត្តទុក ដាក់ពីលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងលោក អង្គ វង្សវឌ្ឍានា ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកមោងឫស្សី ក្នុងក្របខ័ណ្ឌក្រុមការងារចុះមូលដ្ឋានស្រុកមោងឫស្សី បានចាត់លោកស្រី លឹម ចន្ទលីដា សមាជិកក្រុមមេធាវីស្ម័គ្រ ចិត្តស្រុកមោងឫស្សី ធ្វើជាមេធាវីការពារក្តីដោយឥតគិតថ្លៃ ជូនដល់ក្រុមគ្រួសារ សព នៃជនរងគ្រោះទាំង៦នាក់ ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បង្កឡើងដោយរថយន្តមួយគ្រឿង បុកពួកគាត់ហើយរត់គេចខ្លួនបាត់ ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១ ខែមេសានេះ គឺមានរយៈពេល៥ថ្ងៃហើយដែលជនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មានវ័យត្រឹមតែ២០ឆ្នាំ ជាកូនប្រុសលោកឧត្ដមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ បើករថយន្តស៊េរីទំនើប ម៉ាក់ Mercedes Sport បុកម៉ូតូ២គ្រឿង ជាបន្តបន្ទាប់គ្នា ធ្វើឱ្យក្មេងចាស់ ប្រុស-ស្រីនិងទារក ក្នុងផ្ទៃបានស្លាប់៦នាក់ នៅមិនទាន់ចេញមកសារភាពទទួលស្គាល់ទោសកំហុស របស់ខ្លួននៅឡើយទេ បើទោះបីជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យស្នងការរង ខេត្តបន្ទាយមានជ័យនាំកូនប្រុសមកសារភាពកំហុសក៏ដោយ ៕

To Top