ព័ត៌មានជាតិ

ចុងខែមីនា ! ជនបរទេស ១,៥២៨នាក់ទៀត ត្រូវបានបណ្ដេញ ចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសនានា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេស ១,៥២៨នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីពាក់ព័ន្ធ បទល្មើសនានានៅកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅចុងខែមីនា ចាប់ពីថ្ងៃទី២៤ ដល់៣១ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,៥២៨នាក់ ស្រី ២៣២នាក់ ចេញពីកម្ពុជា។

ជនបរទេសទាំងនោះ មាន ២៣សញ្ជាតិ រួមមាន ៖ យ៉ូហ្គង់ដា កេនយ៉ា នេប៉ាល់ ចិន ឥណ្ឌា បង់ក្លាដេស ប៉ាគីស្ថាន ចិនតៃវ៉ាន់ បេឡារូស វៀតណាម ឥណ្ឌូនេស៊ី ហ្គាណា អាហ្រិ្វកខាងត្បួង អង់គ្លេស ប៊ូរុនឌី កាមេរូន រវ៉ាន់ដា អូស្ត្រាលី នីហ្សេរីយ៉ា ជប៉ុន ស្រីលង្កា ហ្វីលីពីន និងមីយ៉ាន់ម៉ា ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ២០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។

សូមរំលឹកថា ការបណ្ដេញចេញ ជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង បោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការ លើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះ ជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ៕

To Top